(ភ្នំពេញ)៖ សមាគមមិត្តនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនក្រោយដំណើរការអស់រយៈពេល៤អាណត្តិ។ មហាសន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
ក្នុងមហាសន្និបាតនៅពេលនេះ ក៏មានការរៀបចំបោះឆ្នោតជ្រើសរើសប្រធានអាណត្តិថ្មីផងដែរ ក្រោយប្រធានអាណត្តិចាស់ គឺលោកសន្ដិបណ្ឌិត នេត សាវឿន ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រី បានសុំលាលែង។
សមាគមមិត្តនគរបាលជាតិកម្ពុជា បានចាប់បដិសន្ធិឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងការចូលរួមរបស់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ដែលជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពក្នុងកងកម្លាំងនគរបាលជាតិ ជាពិសេសការជួយ ឧបត្ថម្ភគា្នទៅវិញទៅមកនៅពេលមិត្តរួមវិជ្ជាជីវៈជួបប្រទះនូវទុក្ខធុរៈដូចជា ពលី មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងករណីជួបប្រធានស័ក្ដិជាដើម។
សកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញនូវស្មារតីមនុស្សធម៌ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងជីវភាពរបស់មន្តីនគរបាលជាតិក៏ដូចជាក្រុមគ្រួសារផងដែរ។
សមាគមមិត្តនគរបាលជាតិកម្ពុជា បានប្រារព្ធពិធីមហាសន្និបាតលើកទី១ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០២ ក្នុងអាណត្តិទី១ ដែលមានរយៈពេល០៣ឆ្នាំ និងបានបញ្ចប់អាណត្តិនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៥។
ក្នុងពេលមហាសន្និបាតអាណត្តិទី៣ សមាគមបានធ្វើវិសោធនកម្មកែសម្រួលលក្ខន្តិកៈឲ្យមានរយៈពេល០៥ឆ្នាំវិញក្នុងអាណត្តិនីមួយៗ។ នៅអាណត្តិទី៣ និងទី៤ សមាគមមិត្តនគរបាលជាតិកម្ពុជា បានបន្តសកម្មភាពការងាររបស់ខ្លួនស្របទៅ តាមការកំណត់នៃលក្ខន្តិកៈ និងសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្ដាលសម្រេចបានលទ្ធផលល្អប្រសើរ។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ សមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិកចំនួន៧៨,០៦៩នាក់ ក្នុងនោះមាន សមាជិកសមាគមជាមន្ត្រីនគរបាល ចំនួន៦,១៨៩៧នាក់ សមាជិកជាមន្ត្រីនគរបាលដែលបានចូលនិវត្តន៍ចំនួន ១៦,១៧០នាក់ និងមន្ដ្រីនគរបាលពិការដែលស្ម័គ្រចិត្តនៅបន្តជាសមាជិកភាពរបស់សមាគមចំនួន០២នាក់៕