(ភ្នំពេញ)៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំឡើងក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទទួលការចូលរួមដ៏គួរឱ្យកត់សម្គាល់ ពីសាលារៀនទូទាំងប្រទេសសរុប ចំនួន ៥,៨០៨សាលា គ្រូបង្រៀនចំនួន ១៩១,១៨៣នាក់ និងសិស្សានុសិស្ស ចំនួន ២,៤៣៩,៥៣៩នាក់ សរុបចំនួន ២,៦៥៥,២៣១នាក់ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដូចនេះប្រជាពលរដ្ឋ ចំនួន ១៥.៦១% បានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ខណៈតាមការគណនានៃការចូលរួមដោយប្រយោលពីសំណាក់ឪពុក ម្តាយ អាណាព្យាបាល និងសាច់ញាតិ អាចប៉ាន់ប្រមាណថា មានប្រជាពលរដ្ឋជិត ៥០ភាគរយនៃចំនួនពលរដ្ឋទូទាំងប្រទេសបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ។

ការចូលរួមដ៏សកម្មរបស់កម្ពុជានាពេលនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវគំរូសកម្មភាពដ៏ល្អមួយ ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត នៅទូទាំងពិភពលោក ដោយបង្ហាញពីគំនិតផ្តួចផ្តើមដែលអាចកៀរគរមនុស្សនៅតាមសហគមន៍ សាលារៀន និងបុគ្គលនានា ឱ្យមានការបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកយ៉ាងទូលំទូលាយ។

ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានដាក់ចេញនូវអាទិភាពចម្បង៣ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បើប្រៀបធៀបពីកម្លាំងទាក់ទាញ និងការផ្សព្វផ្សាយជាមួយចំនួនសិស្ស ប្រមាណ២លាននាក់ នោះប្រជាពលរដ្ឋប្រមាណកន្លះប្រទេស បានប្តេជ្ញាចិត្ត ឈប់ប្រើថង់ប្លាស្ទិក ១ដងក្នុងសប្តាហ៍ ឬអាច២ទៅ៣ ដងក្នុង១សប្តាហ៍។ យុទ្ធនាការនេះបានបញ្ជ្រាបមិនត្រឹមតែសិស្សានុសិស្សនៅតាមសាលារៀននោះទេ កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាសនានា ហើយព្រមជាមួយគ្នានេះ ព្រះសង្ឃ នៅតាមវត្តអារាមនានា បានចូលរួមផងដែរអនុវត្តវិធានការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ក្រសួងបរិស្ថានកម្ពុជា បានបន្តពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តវិធានការជាក់ស្តែង តាមរយៈដាក់ឱ្យប្រើប្រាស់ធុងសំរាម ដាច់ដោយឡែក នៅតាមសាលារៀន និងលើកទឹកចិត្តសិស្សានុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុស។ វិធានការដ៏ចំបងនេះ បានកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្តួចផ្តើមជាសកល របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក។

វិធានការទាំងនេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ និងដោះស្រាយបញ្ហាឫសគល់នៃការបំពុលប្លាស្ទិក តាមរយៈការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់ឱ្យមានប្រសិទ្ធភាព។ កម្ពុជាបានធ្វើការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតឡើងជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានការចូលរួមយ៉ាងផុសផុលពីមហាជនទូទាំងប្រទេស ។ កន្លងមកនេះ បញ្ហាបំពុលប្លាស្ទិកកំពុងដោះស្រាក្នុងកម្រិតសកល ដែលគ្រប់ប្រទេសជាសមាជិកអង្គការសហប្រជាជតិ ចូលរួមចរចារបង្កើតច្បាប់សកលមួយដើម្បីដោះស្រាយបញ្ហានេះ រួមទាំងការកាត់បន្ថយការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព។

គំនិតផ្តួចផ្តើមរបស់កម្ពុជាផ្តល់នូវឧទាហរណ៍ជាក់ស្តែងមួយក្នុងការដោះស្រាយបញ្ហាស្នូលនៅកម្រិតមូលដ្ឋាន ហើយជាការរួមចំណែកនៅក្នុងការពិភាក្សាជាសកលស្តីពីការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់កម្ពុជា មិនត្រឹមតែផ្តល់នូវទស្សនវិស័យប្លែកពីសកម្មភាពបរិស្ថានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញបន្ថែមយ៉ាងសកម្ម នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសក្នុងករណីដែលមិនទាន់មានកិច្ចព្រមព្រៀងជាសកល ត្រូវបានបង្កើតឡើងនៅឡើយ។

សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានរៀបចំដំបូងនៅតាមសាលារៀន ទូទាំងស្រុកចំនួន៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានលោកគ្រូ អ្នកគ្រូ សរុបចំនួន ៥៤៩នាក់ ស្រី ២៦៣នាក់ និងសិស្សានុសិស្សសរុប ១៨,៧៣៥នាក់ ស្រី ៩,៣៥៣នាក់។ មកដល់ថ្ងៃនេះ យុទ្ធនាការនេះ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់នៅតាមសាលារៀនគ្រប់រាជធានី ខេត្ត និងរោងចក្រ៕