(ភ្នំពេញ)៖ ជនសង្ស័យដែលបានចូល ទៅភ្ជង់ប្លន់យកទូរស័ព្ទ ចំនួន៦គ្រឿង ពីអ្នកលក់ទូរស័ព្ទនៅក្នុងហាង «លឹម ហាវ» ស្ថិតនៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាវេលាម៉ោងជាង ១រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានរំដោះរត់គេចខ្លួនបាត់ ប៉ុន្តែកម្លាំងសមត្ថកិច្ចបាននិងកំពុងរុករកបន្តទៀត។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយពេលរត់ចូលផ្សារនាគមាសនោះ ជនសង្ស័យបានរត់ចូលទៅក្នុងផ្សារដើមគរ ហើយមានមនុស្សច្រើនផងនោះ ក៏បានរត់គេចខ្លួនបាត់ទៅ តែនៅពេលនេះ កម្លាំងសមត្ថកិច្ចទាំងខណ្ឌទួលគោក និងខណ្ឌចំការមន នៅបន្តសហការគ្នាតាមចេញចាប់បន្តទៀត។
សូមបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ប្រដាប់ដោយសាក់កាដូមួយ បានទៅឈប់នៅមុខតូប លក់ទូរស័ព្ទ។ ពេលនោះ ជនសង្ស័យបានដើរចូលទៅហើយ រួចពេលកំពុងអង្គុយមើលទូរស័ព្ទបានបន្តិច ក៏បានទាញកាំភ្លើងខ្លីមួយដើម ទៅភ្ជង់ជនរងគ្រោះ រួចប្រមូលទូរស័ព្ទចំនួន៦គ្រឿងរត់គេចខ្លួន។ ប៉ុន្តែពេលរៀបឡើងម៉ូតូនោះស្រាប់តែ កម្លាំងនគរបាលល្បាត នៅក្បែរនោះ លឺសំឡេងជនរងគ្រោះស្រែក ក៏ចុះទៅជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូ ហើយកាន់កំាភ្លើងជាប់ដៃ ចូលទៅក្នុងផ្សារនាគមាស ហើយបន្តចូលទៅក្នុងផ្សារដើមគរទៀត៕