(ព្រះវិហារ)៖ លោក សេង សុខហេង តំណាង​បណ្តាញ​​​សហ​គមន៍ និង​បណ្តាញ​​ព្រៃឡង់ បានឲ្យដឹងថា «កាំភ្លើងដែលបានរាល់កៃត្រូវសកម្មជន ព្រៃឡង់បណ្ដាលឲ្យបាត់បង់ជីវិតនេះ គឺមិនមែនជារបស់សកម្មជនព្រៃឡង់នោះទេ វាជារបស់អ្នកភូមិ»។ លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់​សកម្មជនព្រៃឡង់ប្រសិនបើ លោករកឃើញថាមានការប្រើប្រាស់អាវុធនោះ នឹងត្រូវបណ្ដេញចេញពីការងារភ្លាម។

ការអះអាងរបស់លោក សេង សុខហេង បែបនេះធ្វើឡើង បន្ទាប់ពីមានមហាជនបានលើកឡើងថា ចុះបើគ្រាន់តែចុះល្បាតព្រៃ ហេតុអ្វីចាំបាច់ប្រើកាំភ្លើងកែច្នៃ តើកាំភ្លើងនោះមានច្បាប់​នុញ្ញាតឱ្យប្រើ​ប្រាស់​ឬអត់? ព្រោះថា កាំភ្លើងកែច្នៃនោះត្រូវបាន គេដឹងថា ព្រានព្រៃ ឬអ្នកដើរព្រៃមួយចំនួនប្រើប្រាស់ដើម្បីបរបាញ់សត្វព្រៃ។ តើការដើរល្បាតព្រៃនេះ ហេតុអ្វីមិន​សហការជាមួយអាជ្ញាធរមូលដ្ឋាន?

សូមបញ្ជាក់ថា បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ស្ថិតនៅក្នុងព្រៃ ភូមិស្រែ ឃុំរាបរយ ស្រុករវាង ខេត្តព្រះវិហារ មានសកម្មជនព្រៃឡង់ម្នាក់ ឈ្មោះ សោម ហេង ​បានដើរល្បាតព្រៃជាមួយសកម្មជនដទៃទៀត លុះពេលកំពុងតែល្បាតស្រាប់តែ រាល់កៃកាំភ្លើងកែច្នៃរបស់ ឈ្មោះ សួន បឿន បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពេលកើត​ហេតុជនបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនភ្លាមៗ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕