(ឧត្តរមានជ័យ)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយគណៈប្រតិភូអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល១០០% លើការងារជួលជុលផ្លូវក្រាលក្រួសក្រហមលក្ខណះខួប ចំនួន២ខ្សែ នៅក្នុងខេត្តឧត្តរមានជ័យ។

ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ដែលក្រុមការងារអន្តរក្រសួងចុះពិនិត្យនាពេលនេះមានប្រវែង ១១,៥៩០ ម៉ែត្រ(ទទឹងខ្នងលើ ៥ ម៉ែត្រ កម្រាស់ ២០ សង់ទីម៉ែត្រ និងសាងសង់លូមូល ចំនួន ០៣កន្លែងនោះ រួមមាន៖ខ្សែទី១÷ផ្លូវគោកវត្តស្រម៉-ឈូក  ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ មានប្រវែង៥,៦៣៨ ម៉ែត្រ មានលូមូល មុខ១(ទំហំ១មx៨ម) ចំនួន ០២កន្លែង និងខ្សែទី២÷ផ្លូវកែងក្រុមហ៊ុន-បាត់ថ្កូវ ស្ថិតនៅឃុំចុងកាល់ ស្រុលចុងកាល់ មានប្រវែង ៥,៩៥២ ម៉ែត្រ មានលូមូលមុខ២ (ទំហំ១មx៨ម) ចំនួន ០១កន្លែង។

ផ្លូវក្រាលក្រួសក្រហមទាំង២ខ្សែខាងលើនេះ គឺការងារជួសជុលផ្លូវ ជាគម្រោងឆ្នាំ២០២៣ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ថវិកា ជំពូក៦១។បន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និងយោងតាមស្មារតីអង្គប្រជុំរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកលទ្ធផលការងារខាងលើ១០០%។

លោកបណ្ឌិត នួន ដាញ៉ិល បានថ្លែងថា ក្រោមការដឹកនាំរបស់លោក ឆាយ រិទ្ធិសែន លោកបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរាជធានី ត្រូវបានយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំឡើងវិញ ផ្លូវដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសផ្លូវដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ របស់ប្រជាពលរដ្ឋមានភាពងាយស្រួល៕