(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់រង្វាន់ប្រចាំខែតុលា ដល់បុគ្គលិកឆ្នើមប្រចាំលេខាធិការដ្ឋានអាស៊ាន។

នេះជាជ័យលាភីទី៣ហើយ ចាប់តាំងពីកម្មវិធីដែលជាគំនិតផ្តួចផ្តើមរបស់ អគ្គលេខាធិការអាស៊ាន ចាប់ផ្តើមអនុវត្ត។ ជ័យលាភីទទួលបានវិញ្ញាបនបត្រ ព្រមទាំងអំណោយពីអគ្គលេខាធិការអាស៊ាន។

នៅរសៀលថ្ងៃចន្ទដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការធុរកិច្ចស៊ីលី-ឥណ្ឌូណេស៊ី នៃសហព័ន្ធឧស្សាហកម្មស៊ីលី ដឹកនាំដោយអតីតប្រធានាធិបតីស៊ីលី លោក Eduardo Frei Ruiz-Tagle។ នៅក្នុងឱកាសនេះ ភាគីទាំងអស់ បានស្វែងរកកិច្ចសហការដែលអាចធ្វើទៅបាន និងបានលើកទឹកចិត្តឱ្យមានសកម្មភាពធុរកិច្ចកាន់តែច្រើនរវាងសហគមន៍ធុរកិច្ចនៅក្នុងអាស៊ាន និងស៊ីលី ដើម្បីពង្រឹងនូវទំនាក់ទំនងរវាងអាស៊ាន និងស៊ីលី។

ដោយឡែកនៅយប់ថ្ងៃចន្ទ អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាតាមអនឡាញ នៅក្នុងពិធីបើកនៃ សន្និសីទសកលស្តីពី «សន្តិសុខ និងការទូតសុខាភិបាលសកល នៅក្នុងសតវត្សរ៍ទី២១»។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការធានាថា ប្រជាជនអាស៊ាន គ្មានការគំរាមកំហែងពីសុខាភិបាលសាធារណៈ និងការគំរាមកំហែងផ្សេងទៀត និងបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗដើម្បីពង្រឹង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសុខាភិបាល ជាមួយដៃគូខាងក្រៅ ឱ្យទៅជាប្រព័ន្ធ រួមទាំងសហរដ្ឋអាមេរិក រួមទាំងតាមរយៈក្រសួងសុខាភិបាល និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក រួមទាំងទីភ្នាក់ងារផ្សេងៗដែលជាសម្ព័ន្ធមិត្ត៕