(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់» ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និង ខេត្តកំពង់ឆ្នាំង ចំនួន ១២៨ នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ និងជាតំណាង លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោកនាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និង ខេត្តកំពង់ឆ្នាំង, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង និង ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ ។

លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាល និង វិក្រឹតការ តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាង និង ការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ ។

ក្នុងន័យនេះ, កម្មវិធីបណ្ដុះបណ្ដាលដែលត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធ នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការកសាង និង ការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗ ដូចជា នីតិវិធីនៃការរៀបចំ និង អនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និង កិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និង កិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលជាមុខងារភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ សំដៅលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ ជាពិសេស ឆ្លើយតបនឹងតម្រូវការរដ្ឋបាលឃុំសង្កាត់ សម្រាប់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

លោកបណ្ឌិត បានគូសរំលេចបន្ថែមថា ស្ថិតក្នុងបរិការណ៍វិវត្តនៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព សង្គតិភាព ភាពត្រឹមត្រូវ និង ទាន់ពេលនៃព័ត៌មាន និង ទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគ ការព្យាករ និង ការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ។ នាឆ្នាំ ២០២២ កន្លងទៅ, ប្រព័ន្ធ FMIS ត្រូវដាក់ឱ្យប្រើជាផ្លូវការ នៅរដ្ឋបាលរាជធានី ខេត្ត ទាំង ២៥ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំហានទី ១ ទៅកាន់រដ្ឋបាលស្រុក ៧៥ និង រដ្ឋបាលឃុំ ចំនួន ១៨៥ ។ ហើយនៅឆ្នាំ ២០២៣ នេះ ក៏បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS Portal នៅរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ចំនួន ៥៤២ បន្ថែមទៀត ។

លោកបណ្ឌិត បន្ថែមថាវគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និង ការអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចគោលដៅដែលបានកំណត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង មូលធនមនុស្ស ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅនេះ ។

ការណ៍នេះ តម្រូវឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាំបាច់ត្រូវបន្តពង្រឹង ពង្រីកសមត្ថភាពបន្ថែមទៀត ជូនដល់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ លើជំនាញពាក់ព័ន្ធសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យរដ្ឋបាលឃុំសង្កាត់ អាចមានភាពបត់បែនបានទាន់ពេល ស្របទៅនឹងការប្រែប្រួលតម្រូវការសមត្ថភាពធនធានមនុស្ស សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល ៕