(ភ្នំពេញ)៖ ក្រុមអាជីវករដែលលក់ដូរនៅផ្សារទំនប់ ហៅផ្សារ «ងិនអាន» ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងត្រេកអរខណៈដែល ពួកគាត់បានរួចផុតពី ការគ្រប់គ្រង ពីសំណាក់លោក អ៊ូ សេដ្ឋានូ អតីតប្រធានគ្រប់គ្រងផ្សារ ដែលត្រូវបានតុលាការ សម្រេចប្រគល់សិទ្ធិទីតាំងផ្សារ ទៅឲ្យក្រុមហ៊ុន ម្ចាស់កម្មសិទ្ធិវិញដោយជោគជ័យ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ ក្រុមអាជីវករជាច្រើននាក់ នៅថ្ងៃទី១៨ ខែសីហានេះ បានដំណើរការលក់ដូរ របស់ពួកគាត់ដូចធម្មតា ដោយចាប់ពីពេលនេះទៅ គឺធ្វើការជាមួយក្រុមហ៊ុន New Rich ផ្ទាល់តែម្តងដែលជាអ្នកគ្រប់គ្រងផ្សារនេះ។
ក្រុមអាជីវករទាំងនោះបានលើកឡើងថា «ពួកយើងមានការសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះក្រុមហ៊ុនដែលជាម្ចាស់ទីតាំងផ្សារ បានមកគ្រប់គ្រងវិញ ពីព្រោះពេលធ្វើការជាមួយលោក អ៊ូ សេដ្ឋានូនោះ គឺថាមានការលំបាកណាស់ ដោយពេលមានបញ្ហាម្តងៗ ពួកគេបានបិតភ្លើងនៅតាមតូប ដោយគ្មានជូនដំណឹងនោះឡើយ និងពេលខ្លះថែមទាំងប្រើអំពើហិង្សាទៀតផង»។ យ៉ាងណាក៏ដោយ ក្រុមអាជីវករបានសំណូមពរដល់ក្រុមហ៊ុន បន្តការសម្របសម្រួលដល់ការលក់ដូរ របស់ពួកគាត់កាន់តែល្អប្រសើរ និងបន្តអភវឌ្ឍន៍ផ្សារទៅមុខទៀត។
សម្រាប់តំណាងក្រុមហ៊ុនវិញ បានលើកឡើងថា នៅពេលនេះខាងក្រុមហ៊ុន បាននិងកំពុងត្រៀមចំផ្សារឡើងវិញ តាមរយះការរៀបចំប្រព័ន្ធកង្ហាឡើងវិញ ដើម្បីឲ្យមានខ្យល់ចេញចូល រៀបចំប្រព័ន្ធខ្សែភ្លើង ជៀសវាងការឆ្លងចរន្តនាំឲ្យ មានគ្រោះអគ្គិភ័យ រៀបចំអនាម័យ បរិស្ថាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អ និងរីកចម្រើនខ្លាំងឡើង។ ប៉ុន្តែតំណាងក្រុមហ៊ុន ក៏នៅតែបង្ហាញការព្រួយបារម្ភ ចំពោះការអុកឡុក និងរំខានដោយវីធីណាមួយ ពីសំណាក់ក្រុមលោក អ៊ូ សេដ្ឋានូផងដែរ ដែលអាចធ្វើឲ្យមានការរំខាន ដល់លក់ដូរបស់ក្រុមអាជីវករ។ សម្រាប់តម្លៃឈ្នួលតូបរបស់បងប្អូន អាជីវករនោះគឺខាងក្រុមហ៊ុន នៅរក្សាដដែល ដូចដែលបានបង់ពីកាលកន្លងទៅ ព្រមទាំងមិនមានការលក់តូបនោះទេ។
សូមបញ្ជាក់ថា ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចាប់ពីវេលាម៉ោងប្រមាណ២ ដល់ម៉ោងជាង ៤រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះទៅអនុវត្តដីការក្សាការពារ យកទីតាំងផ្សារទំនប់ ហៅផ្សារ ងិនអាន ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានសម្រេចដោយប្រគល់ ទៅឲ្យក្រុមហ៊ុន New Rich ដែលជាម្ចាស់កម្មសិទ្ធិមកគ្រប់គ្រងវិញ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលចុះអនុវត្តដីការក្សាការពារនោះ ក៏មានអ្នកប្រឆាំងមួយចំនួនតូច ផងដែរដែលជាបក្ខពួក និងកូនចៅរបស់លោក អ៊ូ សេដ្ឋានូ អតីតប្រធានគ្រប់គ្រងផ្សារទំនប់ បានធ្វើការតវ៉ាប្រឆាំង ប៉ុន្តែមិនអាចរារាំងបាននោះទេ។
សូមបញ្ជាក់ថា តាមពិតទៅ លោក អ៊ូ សេដ្ឋានូ បានផុតកំណត់ កិច្ចសន្យាជួលដីផ្សារមួយនេះ ជាមួយក្រុមហ៊ុន New Rich កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥មកម្ល៉េះ ក្រោយពេលដែលលោក អ៊ូ សេដ្ឋានូ ខកខានការបង់ថ្លៃជួល រហូតដល់ ៦៤០០០ដុល្លារ (មួយខែ៨០០០ដុល្លារ) ប៉ុន្តែបើទោះបីផុតកិច្ចសន្យាក៏ដោយ ក៏លោក អ៊ូ សេដ្ឋានូ នៅតែប្រើកូនចៅដើរទារថ្លៃឈ្នួលតូប ហើយបើនរណា មិនបង់ជូននោះត្រូវកាត់ ភ្លើងមួយរំពេច និងពេលខ្លះទៀតបានទាត់ឥវ៉ាន់ របស់បងប្អូនអាជីវកររហូត ប្រើអំពើហិង្សាទៀតផង។
តំណាងក្រុមហ៊ុន New Rich បានលើកឡើងថា «ឈ្មោះ អ៊ូ សេដ្ឋានូ បានផុតកិច្ចសន្យាជួល តាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ប៉ុន្តែមិន បានប្រគល់ទីតាំងដី ទីតាំងផ្សារនេះ ទៅឲ្យម្ចាស់ដើម ដែលជាម្ចាស់កម្មសិទ្ធិ លើទីតាំងហ្នឹងទេ។ ទីតាំងផ្សារនេះគឺជាដីឯកជនកម្មសិទ្ធិ របស់ក្រុមហ៊ុន New Rich មិនមែនជាផ្សារវិនិយោគរវាងរដ្ឋទេ ចឹងនេះគឺជាសិទ្ធិរបស់ម្ចាស់ផ្សារ ប៉ុន្តែម្ចាស់ផ្សារមិនបាន ប្រើសិទ្ធិលើការ កែប្រែផ្សារឲ្យទៅធ្វើជាផ្ទះល្បែង ធ្វើជារោងចក្រអីទេ គឺនៅផ្សារដដែល ក៏ប៉ុន្តែឈប់ជួលឲ្យបុគ្គល អ៊ូ សេដ្ឋានូ ដែលជាអ្នកជួល កណ្តាល ហើយជួលទៅអាជីវករដោយផ្ទាល់ ហើយតម្លៃឈ្នួលដែលក្រុមអាជីវករទទួល គឺល្អមិនថ្លៃដូចការឆ្លងកាត់ អ្នកកណ្តាលទេហើយបើ ទោះបីមានដីការក្សាការពារ ពីតុលាការក៏ដោយ ក៏បុគ្គលនេះនៅតែទៅទារលុយ ពីអាជីវករទាំងខុសច្បាប់»៕