(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅនិងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌផ្សេងទៀត ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់បង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព នៅខណៈដែលគេមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាពហាក់បីដូចជាកំរើកឡើងវិញនៅតាមទីសាធារណៈ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា នៅបន្ទាប់ពីក្មេងទំនើងមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តន៍យុទ្ធនាការបង្រ្កាបក្មេងទំនើង។

លោកស្នងការ បានលើកឡើងថា ក្មេងទំនើងអាចបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សវត្ថិភាពសង្គមជាខ្លាំង ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំដល់កម្លាំនគរបាលខណ្ឌព្រែកព្នៅទៀតថា ដោយឡែកពាក់ព័ន្ធ និងការងារបទល្មើសគ្រឿងញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹមដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋពីព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំដល់កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ត្រូវស្មោះត្រង់ និងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌដែលជាបទល្មើសមានហានិភ័យដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់និង វិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន និងមានការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ជាមួយនឹងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប និងការបែងចែកភារកិច្ចដល់មន្រ្តីអនុវត្កការងារតាមជំនាញ៕