(ភំ្នពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំឲ្យមន្រ្តីទាំងអស់ មានស្មារតីប្រឹងប្រែងចុះបង្រ្កាប ចុះស្រាវជ្រាវ ស៊ើបអង្កេត តស៊ូធ្វើករណីជួញដូរ ករណីកែច្នៃគ្រឿងញៀន ដែលជាករណីធំៗ ហើយធ្វើឲ្យត្រឹមត្រូវតាមនីតិវិធី។ ចំណែកករណីប្រើប្រាស់ គឺទុកឲ្យខាងអាជ្ញាធរមូលដ្ឋានជាអ្នកធ្វើ ។ លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់បន្ថែមថា រាល់ពេលចុះបង្រ្កាបត្រូវរាយការណ៍បឋមមកលោកផ្ទាល់ ដើម្បីឲ្យលោកអាចរាយការណ៍បន្តទៅតាមឋានានុក្រម។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរដល់កងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលលទ្ធផលក្នុងរបាយការណ៍នៃការបង្រ្កាប គឺទទួលបានលទ្ធផលល្អ និងសូមឲ្យខិតខំបន្ថែមទៀត។ ឯកឧត្តម ក៏បានឯកភាពនូវទិសដៅក៏ដូចជាការលើកឡើង ដើម្បីអនុវត្តបន្តរបស់នាយកមន្ទីរប្រឆាំងគ្រឿងញៀនផងដែរ។

ដើម្បីឱ្យការងារប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាព ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានណែនាំចំណុចមួយចំនួនដូចខាងក្រោម៖

១៖ ធ្វើការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យទាន់បានម៉ត់ចត់។
២៖ ជម្រុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លើការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ។
៣៖ អប់រំដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីនគរបាលជាតិ អនុវត្តត្រឹមត្រូវតាមជំនាញ នីតិវិធីច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន ក្នុងគោលបំណង បញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។
៤៖ បណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជំនាញ បទពិសោធន៍ និងលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ បង្កើនការយល់ដឹងលើលិខិតបទដ្ឋានគតិយុត្តិ និងនីវិតិធីច្បាប់ដែលមានជាធរមាន។
៥៖ បន្តជំរុញតាមបណ្តារាជធានី-ខេត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង ស្រុក ខណ្ឌ ។
៦៖ លើកទឹកចិត្ត ដល់កងកម្លាំងដែលមានស្នាដៃ និងចៀសវាងឲ្យបាន នូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង។
៧៖ ត្រូវមានរបបប្រជុំឲ្យបានទៀងទាត់ ចាប់តាំងពីថ្នាក់ការិយាល័យ មន្ទីរ នឹងមានការជួបប្រជុំតាមបណ្តារាជធានី-ខេត្តជាប់ជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យនូវបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយរួមគ្នាកាត់បន្ថយការប្រើប្រាស់ ការចែកចាយ ការជួញដូរ នៅក្នុងប្រទេសកម្ពុជារបស់យើង។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែល ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ត្រូវបាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចចាត់តាំងឲ្យទទួលជួយដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧ គឺនៅតែបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយសារតែយុទ្ធនាការនេះហើយ ដែលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស៊ីជម្រៅទៅដល់សង្គម ដល់គ្រប់មជ្ឈដ្ឋាន ព្រោះថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាចលនាជាតិមួយដែលមានការចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនថាសាសនាណា មិនថានិន្នាការនយោបាយ ពណ៌សម្បុរ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះទេ គឺត្រូវចូលរួមទាំងអស់គ្នា ចូលរួមគិត រួមទទួលផល រួមទទួលខុសត្រូវ។ កន្លងមក នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន មិនបានស៊ីជម្រៅ មិនបានចូលរួមគ្រប់ស្រទាប់វណ្ណៈដូចយើងទេ ។

នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលរងគ្រោះ ដោយត្រូវក្រុមឧក្រិដ្ឋជន យកធ្វើជាប្រទេសឆ្លងកាត់ការក្នុងការលួចដឹកជញ្ជូនគ្រឿងញៀន ពីតំបន់ត្រីកោណមាស ទៅក្នុងលំហរសមុទ្រ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយផ្នែកត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជា។ ដោយសារការឆ្លងកាត់នូវសារធាតុញៀនដ៏ច្រើនសន្ធឹកសន្ធាប់ សមត្ថកិច្ចកម្ពុជាបានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនធំៗ ចាប់យកសារធាតុញៀនជាច្រើនតោនដែលមិនធ្លាប់មានពីមុនមក ។

នាយឧត្តមសេនីយ៍បានកោតសរសើរដល់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន២ចំណុច ៖ ទី១-យើងបង្រ្កាបបានរាល់ឧបាយកល ដែលឧក្រិដ្ឋជនប៉ុនប៉ងយកកម្ពុជា ជាទីកន្លែងផលិត ។ ទី២-កន្លងមកនេះ អង្គការ FAT បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះ ក្នុងការងារប្រឆាំងការសម្អាតប្រាក់ ។ តែក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំក្រុមការងារចំពោះកិច្ចមួយនៅទូទាំងប្រទេសរួមគ្នាប្រឹងប្រែងដើម្បីលុបបំបាត់ការងារការសម្អាតប្រាក់នេះឲ្យខាងតែបាន និងទទួលបានជោគជ័យ ដោយអង្គការ FAT បានដកកម្ពុជាពីបញ្ជីប្រផេះ ។

នាយឧត្តមសេនីយ៍បន្តថា ការទទួលបាននូវភាពជោគជ័យនេះ គឺដោយសារអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលះបង់អស់កម្លាំងកាយចិត្ត បង្រ្កាបបានករណីធំៗជាច្រើនរួមទាំងការសម្អាតប្រាក់ ហើយរហូតដល់មកពេលនេះ ក្នុងអង្គភាពរបស់យើងក៏បានបាត់បង់ជីវិតមនុស្សចំនួន៥នាក់មកហើយ ៕