(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ៥ឆ្នាំ (២០២៤-២០២៨) ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។
នេះជាការប្រជុំដ៏សំខាន់មួយ ដែលបានធ្វើឡើងនៅក្រសួងមហាផ្ទៃ ដោយបានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការដៃគូ ដើម្បីប្រមូលធាតុចូលបន្ថែម ដាក់ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២៣-២០២៨) ដើម្បីឆ្លើយតបនឹងបទល្មើសជួញដូរមនុស្ស តាមទម្រង់បែបថ្មីៗ ខណៈបញ្ហាអំពើជួញដូរមនុស្សនេះ គឺជាកង្វល់មួយផងដែរ របស់ពិភពលោក ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា ទម្រង់នៃអំពើជួញដូរមនុស្ស ដែលកើតឡើងថ្មីមានភាពខុសប្លែកពីមុន ដូចពីមុនការទំនាក់ទំនងទាក់ទាញជនរងគ្រោះ ទៅក្នុងអំពើជួញដូរមនុស្ស ពីសំណាក់មេខ្យល់ គឺបានជួបផ្ទាល់ ប៉ុន្តែបច្ចុប្បន្ននេះ គឺទាក់ទងតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងឆ្លងប្រទេសបានថែមទៀតក៏មាន។
លោកស្រីបានបន្តថា ទម្រង់នៃការទាក់ទាញជនរងគ្រោះ គឺមានភាពជឿនលឿន មានការពិបាកគ្រប់គ្រង ហើយការបង្រ្កាបនេះទៀតសោត ក៏មានផលលំបាកផងដែរ ពាក់ព័ន្ធនឹងភាសានៃជនល្មើសប្រើប្រាស់ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏គ្រោងដាក់នូវសំណើ នៃការបណ្ដុះបណ្ដាលផ្នែកភាសាមួយចំនួន ទៅក្នុងផែនការយុទ្ធសាស្ត្រនេះ។
បើតាមលោកស្រី ជូ ប៊ុនអេង បានបង្ហាញនូវក្ដៅរំពឹងថា ធាតុចូលថ្មីៗ ដែលនឹងដាក់ចូលក្នុងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ទៅមុខទៀតនោះ នឹងជួយបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្សនៅកម្ពុជា ជាពិសេសបទល្មើសកើតឡើងក្នុងទម្រង់ថ្មីៗ ។
ជាមួយនេះ លោកស្រីក៏បានអំពាវនាវផងដែរ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានស្រាវជ្រាវ ឬរកឃើញករណីអ្វីមួយពាក់ព័ន្ធបញ្ហាអំពើជួញដូរមនុស្ស ហើយបានចង់ក្រងជាឯកសារ ឬធ្វើជារបាយការណ៍ សូមផ្ញើទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយរួមគ្នា ចៀសជាងយកទៅផ្សព្វផ្សាយ ធ្វើឲ្យប៉ះពាល់ដល់កំណើន នៃភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគពីក្រៅប្រទេសជាដើម។
សូមជម្រាបថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាយន្តការជាតិ អន្តរក្រសួង-អន្តរស្ថាប័ន ដែលមានតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំ សម្របសម្រួល និងស្វែងរកការចូលរួមសហការ ការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ នៅថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងពង្រីកទំនាក់ទំនងសហការជាមួយតំបន់ និងពិភពលោក ក្នុងគោលបំណងពិនិត្យតាមដានភាពប្រែប្រួលនៃបទល្មើសជួញដូរមនុស្ស និងចូលរួមសហការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឲ្យបានជោគជ័យ៕