(កំពង់ធំ)៖ ប្រជាពលរដ្ឋប្រមាណ៤០០នាក់ មកពីឃុំចំនួន៤ ក្នុងស្រុកបារាណ៍ បានចូលរួមក្នុងពិធីប្រគល់ និងទទួលអណ្តូងទឹកចំនួន ៨កន្លែង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាមួយលោក Michael Vetter នាយកប្រតិបត្តិក្រុមហ៊ុន Porsche ដែលជាម្ចាស់អំណោយព្រមទាំងមានការចូលរួមពីលោក អភិបាលស្រុកបារាយណ៍ផងដែរ។
ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ដែលអំណោយដ៏ធំនេះ គឺជាការរួមចំណែកបញ្ជៀសការលំបាករបស់ប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះរាំងស្ងួត និងកង្វះខាតទឹកប្រើប្រាស់ពេលរដូវប្រាំង មកដល់ម្ដងៗ។ ដោយមើលឃើញពីបញ្ហានេះរដ្ឋមន្រ្តី ថោង ខុន រួមជាមួយក្រុមហ៊ុន Porsche និងក្រុមហ៊ុន Sapors Group បានឧបត្ថម្ភថវិកាចំនួន៤,៨០០ដុល្លារអាមេរិក ដើម្បីកសាងអណ្តូងទឹកចំនួន៨កន្លែង ដែលមានទីតាំងនៅក្នុងឃុំចំនួន៤រួមមាន៖ ឃុំទ្រៀល១អណ្តូង ឃុំចើងដើង៣អណ្តូង ឃុំបារាយណ៍៣អណ្តូង និងឃុំក្រវ៉ា១អណ្តូង។
ប្រជាពលរដ្ឋទាំងអស់មានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានអណ្តូងទឹកប្រើប្រាស់ ហើយបានថ្លែងអំណរគុណចំពោះទឹ កចិត្តដ៏សប្បុរសរបស់លោកប្រធានក្រុមហ៊ុន Porsche ជាម្ចាស់ជំនួយ និងលោក ថោង ខុន ដែលតែងយកចិត្តទុកដាក់គិតគូរដល់ សុខទុក្ខ ការលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ជាមួយគ្នានេះ លោក ថោង ខុន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួននាឆ្នាំ២០១៧ ខាងមុខ ព្រមទាំងបានជម្រុញឱ្យលោកអភិបាលស្រុក និងសមត្ថកិច្ចនគរបាល បន្តចុះធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មី ជូនប្រជាពលរដ្ឋ នៅតាមភូមិឃុំឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបាន។
ក្រៅពីនេះ លោករដ្ឋមន្រ្តី រួមជាមួយតំណាងក្រុមហ៊ុន Porsche និងក្រុមហ៊ុន Sapors Group ក៏បានចែកជូនថវិកា និងអំណោយមួយ ចំនួនដល់លោកយាយ លោកតា ចំនួន៦០នាក់ និងប្រជាពលរដ្ឋជាង៣០០នាក់ ក៏ទទួលបានថវិកា១ម៉ឺនរៀល និងថ្នាំពេទ្យទីហ្វី៣បន្ទះ ផងដែរ៕