(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះ ជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ដែលប្រើប្រាស់ថាមពលលើស ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនាវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល បានណែនាំឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះ ជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ចំពោះបរិមាណថាមពលបើលើស ជាការលើកទឹកចិត្ត ដល់អ្នកវិនិយោគឲ្យបង្កើនការផលិត និងបង្កើនការងារបន្ថែម»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល ទទួលបានការស្នើសុំបញ្ចុះថ្លៃអគ្គិសនី និងការអនុញ្ញាតឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ជុំវិញការបញ្ចុះថ្លៃអគ្គិសនី, ជាគោលការណ៍ រាជរដ្ឋាភិបាល តែងខិតខំបញ្ចុះថ្លៃអគ្គិសនី ឲ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើម ផលិតកម្ម ព្រមទាំងសម្រួល ដល់ជីវភាពរស់នៅរបស់ប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទោះជាយ៉ាងនេះក្តី, លទ្ធភាពនៃការបញ្ចុះថ្លៃអគ្គិសនី អាស្រ័យទៅតាមស្ថានភាពនិរន្តភាពនៃអាជីវកម្ម និង ស្ថិរភាពនៃការផ្គត់ផ្គង់ ដែលត្រូវមានការសិក្សាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងស្ថានភាពដ៏លំបាក ដោយសារវិបត្តិជំងឺកូវីដ-១៩ និង នយោបាយសកលលោក ដែលបានធ្វើឲ្យកើតមានវិបត្តិថាមពល និងការឡើងថ្លៃនៃប្រេងឥន្ធនៈ, ប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងរបស់កម្ពុជា, បានដំឡើងថ្លៃអគ្គិសនីជាបន្តបន្ទាប់ ដើម្បីទប់នឹងការខាតបង់អាជីវកម្ម។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់កម្ពុជា, រាជរដ្ឋាភិបាល បាននិងកំពុងខិតខំរក្សាថ្លៃអគ្គិសនីមិនឲ្យឡើង សំដៅជួយសម្រួលដល់អ្នកប្រើប្រាស់អគ្គិសនី និងអ្នកវិនិយោគទាំងអស់៕