(ភ្នំពេញ)៖ ឆ្លើយបតនឹងសំណើវិស័យឯកជន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់អាចមានលទ្ធភាព បញ្ចុះតម្លៃពន្ធនាំចូលរថយន្តដឹកទំនិញ និងការលើកលែងកម្រៃទិដ្ឋាការ សម្រាប់ការចូលមករបស់ភ្ញៀវទេសចរបរទេសនោះទេ ដោយសារតែជាប្រភពចំណូលដ៏សំខាន់សម្រាប់ថវិកាជាតិ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ នាវិមានសន្តិភាព ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចបានថ្លែងដូច្នេះថា ការស្នើសុំបញ្ចុះពន្ធ និងអាករលើរថយន្តដឹកជញ្ជូន, រាជរដ្ឋាភិបាលមិនទាន់អាចមានលទ្ធភាពបញ្ចុះបន្ថែមនាពេលនេះទេ ដោយសារចំណូលពីពន្ធ និងអាករលើរថយន្ត គឺជាប្រភពចំណូលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។

សម្តេចបន្តថា រាជរដ្ឋាភិបាលបានបញ្ចុះអាករពិសេសម្តងរួចទៅហើយ តាមរយៈអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១, ក្នុងនោះ៖ (១). ពីអត្រា ៤០% មក ២៥% លើមុខទំនិញរថយន្តសណ្តោង និងរ៉ឺម៉កគ្រប់ប្រភេទ (រថយន្តដឹកកុងតែន័រ); (២). ពីអត្រា ៤០% មក ៣០% លើមុខទំនិញរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុប (GVW) លើសពី៥តោន, និង (៣). ពីអត្រា ៤០% មក ៣០% លើមុខទំនិញរថយន្តបែន, រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងទៀត។ ទន្ទឹមនេះដែរ, អត្រាពន្ធនាំចូលលើរថយន្តដឹកជញ្ជូនជាទូទៅ គឺ១៥%ប៉ុណ្ណោះ ប៉ុន្តែអត្រានេះមានកម្រិត ០% ប្រសិនបើរថយន្តដឹកជញ្ជូន ត្រូវបាននាំចូលពីប្រទេសដៃគូ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជា។

សម្តេចបានថ្លែងទៀតថា ចំពោះការស្នើឱ្យពិនិត្យពិចារណាលើប្រព័ន្ធទិដ្ឋាការ ដែលមានភាពបត់បែន និងទាក់ទាញសម្រាប់ទីផ្សារអាទិភាព។ សំណូមពរនេះមិនមែនជាដំណោះស្រាយ ដែលឆ្លើយតបចំបញ្ហានោះទេ ព្រោះថា កម្ពុជាបាន និងកំពុងផ្តល់នូវកិច្ចសម្រួលច្រើនរួចទៅហើយ តាមរយៈការផ្តល់ទិដ្ឋាការពេលមកដល់ និងការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ហើយបញ្ហាថ្លៃមិនមែនជារបាំង រារាំងភ្ញៀវទេសចរមកកម្ពុជានោះឡើយ។

សម្តេចបានថ្លែងដូច្នេះថា «សម្រាប់ប្រទេសកម្ពុជា ចំណូលពីទិដ្ឋាការគឺជាប្រភពចំណូលចម្បងមួយនៃចំណូលមិនមែនសារពើពន្ធ ក្នុងន័យនេះការដាក់ស្នើសុំដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការកម្រៃទិដ្ឋាការ គឺហាក់មិនទាន់ដល់ពេលវេលាសមស្រប សម្រាប់បរិបទកម្ពុជានោះទេ ព្រោះកម្ពុជាមិនទាន់មានប្រភពចំណូលផ្សេង មកប៉ះប៉ូវទំហំចំណូល ដែលខាតបង់ជាយថាហេតុ ពីគោលនយោបាយនេះ កិច្ចការដែលយើងត្រូវធ្វើនៅពេលនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អ និងនីតិវិធីសម្រួល និងធ្វើឱ្យប្រសើរឡើង នូវសេវាសាធារណៈនេះ ដើម្បីឱ្យទេសចរមកកម្ពុជា មានភាពកក់ក្តៅ និងរីករាយទាំងពេលមុនមកដល់ ពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ»