(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តជំរុញការអនុវត្ត កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច - Authorize economic operators (ACO) និងកែលម្អប្រព្រឹត្តកម្មលើកទឹកចិត្តសម្រាប់ធុរកិច្ចល្អបំផុត (Best Trader)។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានលើកឡើងថា ការធ្វើបែបនេះ ជាការធានាដល់ទំនុកចិត្តរវាងរដ្ឋ និងឯកជន ដែល រដ្ឋអត់ចង់ដើរតួនាទីជាប៉ូលិសទេ រដ្ឋចង់ដើរតួនាទីជាអ្នកគាំទ្រវិស័យឯកជន។

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន ៤៩ ​បានក្លាយជា Best Traders ហើយមានក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន មីនីបៀ និងក្រុមហ៊ុន Huawei កំពុងស្នើសុំដាក់ឱ្យទៅជា ACO ហើយសង្ឃឹមថា មានក្រុមហ៊ុនច្រើនទៀត នឹងចូលជា AEO និង BT។

សម្តេចបានបន្ថែមថា ការចូលជាក្រុមហ៊ុនបែបនេះ ជាការធានាទំនុកចិត្តរវាងវិស័យឯកជន និងរដ្ឋ ហើយបើភាគីទាំងពីរមានទំនុកចិត្តបែបនេះ នឹងងាយស្រួលក្នុងការអនុវត្ត។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «រដ្ឋអត់ចង់ដើរតួនាទីជាប៉ូលិសទេ រដ្ឋចង់ដើរតួនាទីជាអ្នកគាំទ្រ ប៉ុន្តែការអនុវត្ត ឥឡូវយើងដាក់វិធានជាច្រើនផ្តល់សិទ្ធិ និងការទុកចិត្តជូនវិស័យឯកជនក្នុងការ Declar ក្នុងការបង់ពន្ធ អញ្ចឹងសូមធ្វើយ៉ាងម៉េចឱ្យវិស័យឯកជនដើម្បីចូលរួមក្នុងការអនុវត្តបែបនេះឱ្យបានសុក្រិដ្ឋ ដើម្បីឈានដល់ការពង្រីកបន្ថែម ព្រោះកិច្ចការនេះជាកិច្ចការសាកល្បង ប្រសិនបើដើរគឺនឹងពង្រីកទៅវិស័យផ្សេងៗទៀត»