(កំពង់ស្ពឺ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានអះអាងថា ខ្មាន់កាំភ្លើងដែលបាញ់បោះសេរីនៅលើភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ។

លោក វ៉ី សំណាង បានគូសបញ្ជាំក់ថា នៅពេលនេះ លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំមានការភិតភ័យករណីដែលបានកើតឡើងនេះ ខណៈកម្លាំងសមត្ថកិច្ចកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។

សូមរំលឹកថា ស្នូរគ្រាប់កំាភ្លើងមិនតិជាង២០០គ្រាប់ បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថាជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់។

សម្រាប់ករណីបាញ់បោះដោយសេរីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ស៊ិន វិរៈ បានបញ្ជាឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវតាមនីតិវិធីជាបន្ទាន់ចំពោះជនបង្ក។ នៅរសៀលថ្ងៃនេះ លោកព្រះរាជអាជ្ញា បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្តែង និងមានវិធានការបន្តទៀត។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងជំនាញបានបង្កើតគណៈកម្មការដោយមានការចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណីបាញ់បោះសេរីកាលពីថ្ងៃទី១១ ខែវិច្ឆិកា។

យោងតាមរបាយការណ៍រប​ស់អធិការ, លោក សេ ចូច អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ដែលជាអ្នកចាំដីផ្ទះចំណុចកើតហេតុ បានប្រាប់ថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២:០០នាទីឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ៕

</p