(ភ្នំពេញ)៖​ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិការាជរដ្ឋាភិបាល-ផ្នែក​ឯកជន លើកទី១៩ ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕។

វេទិកានេះ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល-ផ្នែកឯកជន សរុបប្រមាណ ១២០០នាក់ ក្នុងនោះមកពីក្រុមការងារតាមវិស័យ ចំនួន១៤ រួមមាន ១- ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ២- ក្រុមការងារផ្នែកទេសចរណ៍ ៣- ក្រុមការងារផ្នែក កម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ៤- ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ៥- ក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ៦- ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ៧- ក្រុមការងារផ្នែក ផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ៨- ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ៩- ក្រុមការងារ ផ្នែកស្រូវ-អង្ករ ១០- ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ ១១- ក្រុមការងារផ្នែកអប់រំ ១២- ក្រុមការងារផ្នែកសុខាភិបាល ១៣- ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ និង១៤- ក្រុមការងារផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គទូតបរទេសនានាប្រចាំនៅកម្ពុជាផងដែរ៕