(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត និងដូចអ្វីដែលធ្លាប់បានអនុវត្តហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនីតិកាលទី៧ បន្ដអនុវត្តការមិនយកលុយថ្លៃភាស៉ី និងសេវាផ្សេងៗ ពីប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស។

ការប្រកាសជាថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាធិបតីភាព វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ដើម្បីប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។

លើសពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានសម្រេចឲ្យអាជីវករលក់ដូរតាមផ្សារ និងទីតាំងផ្សាររដ្ឋទាំងអស់ ដែលមានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរបស់ខ្លួន អាចផ្ទេរកម្មសិទ្ធិទៅឲ្យកូនចៅ ឬអ្នកដទៃបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏នឹងបន្ដអនុវត្តនូវការលុបការបង់ភាស៉ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជី ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស ព្រមជាមួយគោលនយោបាយនៃការអនុញ្ញាតឲ្យអាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរាងស្ដង់ដារ ស្ដង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឲ្យកូនចៅ និងអ្នកដទៃទៀតបាន»

ត្រង់ចំណុចការបន្ដមិនយកភាស៉ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដតាមដានត្រួតពិនិត្យយន្ដការនេះឲ្យបានច្បាស់លាស់ ដោយហេតុថា ខ្លាចមានការឆកល្វែងណាមួយកើតឡើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កន្លងទៅនៅរាជធានីភ្នំពេញ ធ្លាប់មានបាតុភាពមិនសមរម្យមួយកើតឡើង ពាក់ព័ន្ធការយកភាស៉ីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដូច្នេះសម្ដេចបានណែនាំឲ្យយកចិត្តទុកដាក់ពិនិត្យឲ្យបានច្បាស់លាស់លើការងារនេះ ហើយបើមានបាតុភាពកើតឡើងត្រូវចាត់ការជាបន្ទាន់ភ្លាមៗ។

សូមរំលឹកថា កន្លងមករាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។

ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអនុវត្តនូវសារាចរណែនាំខាងលើ ឲ្យបានម៉ឺងម៉ាត់បំផុត៕