(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនាំចេញនាំចូល សម្តេចបានប្រកាសលើកលែងការបង់តម្លៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន និងលើកលែងរបង់កម្រៃបែបបទគយ ចំពោះទំនិញមានតម្លៃក្រោម ១ ០០០ ដុល្លារ។

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នាវិមានសន្តិភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា «សម្រួលឱ្យបានជាអតិបរិមា នូវការត្រួតពិនិត្យទំនិញ សម្រាប់ការនាំចេញ តាមរយៈការត្រួតពិនិត្យដែលផ្អែកលើហានិភ័យ រួមទាំងការប្រើប្រាស់ម៉ាស៊ីនស្គែនដោយកាត់បន្ថយការត្រួតពិនិត្យឱ្យនៅក្រោម១០% ព្រមទាំងលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន»

ក្រៅតែពីការលើកលែងការបង់តម្លៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែននេះ ដើម្បីសម្រួលពាណិជ្ជកម្ម សម្តេចនាយករដ្ឋមន្ត្រី ប្រកាសដាក់ចេញនូវការងារចំនួនទៀតដែលស្ថិតក្រោមដែនសមត្ថកិច្ចគយរួមមាន៖ ​

* លើកលែងការបង់កម្រៃបែបបទគយ (Customs Processing Fee) ចំពោះទំនិញនាំចេញ-នាំចូលដែលមានតម្លៃក្រោម ១ ០០០ ដុល្លារ និងកាត់បន្ថយកម្រៃប្រតិវេទន៍គយពី ១៥ ០០០ រៀលមក ៨ ០០០រៀល ក្នុងមួយប្រតិវេទន៍ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១ ០០០ ដុល្លារ ។

* អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តធ្វើការងារជាមួយវិស័យឯកជន ក្នុងការកាត់បន្ថយថ្លៃសេវាឡូជីស្ទិក តាមរយៈការពិនិត្យឡើងវិញនូវថ្លៃសេវានានា និងការកាត់បន្ថយ ឬការធ្វើសាមញ្ញូបនីយកម្មនីតិវិធីគយ ព្រមទាំងការជំរុញការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

* ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅនូវវិធាន និងនីតិវិធី សម្រាប់ការរាយការណ៍អំពីទំនិញ (Cargo Declaration) និង ការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) តាមប្រព័ន្ធអេឡិចត្រូនិក ស្របតាម «ប្រកាសលេខ ៧៨៨ សហវ.ប្រក.អគរ ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ស្ដីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់» ។ នីតិវិធីនេះ នឹងអនុញ្ញាតឱ្យធុរជន អាចបញ្ជូនព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកមុនពេលទំនិញ មកដល់ការិយាល័យគយ ដើម្បីអាចយកទំនិញចេញបានលឿន ពេលទំនិញមកដល់ ដោយមិនចាំបាច់រង់ចាំយូរ។

* បែងចែកប្រភេទទំនិញ ដើម្បីពន្លឿនបែបបទគយ តាមរយៈការដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះតទៅនូវវិធាន និងនីតិវិធីសម្រាប់ការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍, បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។

* ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះតទៅនូវ៖ ការធ្វើស្វ័យប្រវត្តិកម្មពេញលេញ លើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាង ដើមកំណើតទំនិញ ក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS), ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិ នូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ, ការបញ្ជាក់តម្លៃគិតពន្ធគយ និងការផ្ដល់អត្រាពន្ធអនុគ្រោះពីប្រព័ន្ធ CVDS ទៅប្រព័ន្ធ ASYCUDA, និង ការបោះពុម្ពលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់សំអាងដើមកំណើតទំនិញទម្រង់ក្រដាស អាចធ្វើឡើងក្នុងករណីមានការស្នើសុំរបស់ម្ចាស់ទំនិញ ឬតំណាង។

* ឆ្លើយតបទៅនឹងការលើកឡើងអំពីថ្លៃចំណាយខ្ពស់, ការប្រើប្រាស់ឯកសារក្នុងទម្រង់រឹង (Hard Copy) ច្រើន និងការជួបគ្នាផ្ទាល់ជាមួយមន្ត្រីច្រើនកន្លែង, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវរៀបចំដាក់អនុវត្តនូវផែនការសកម្មភាពជាក់លាក់សំដៅ៖ កាត់បន្ថយថ្លៃចំណាយ លើការបំពេញបែបបទបញ្ចេញទំនិញពីគយ និងកែសម្រួលថ្លៃសេវា ឱ្យបានសមរម្យឡើងវិញ, រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ឯកសារភ្ជាប់ ក្នុងទម្រង់អេឡិចត្រូនិក ជាឯកសារផ្លូវការ, កែសម្រួលនីតិវិធីប្រតិវេទន៍គយ ក្នុងប្រព័ន្ធ ASYCUDA និងប្រព័ន្ធ E-Customs ដោយជំរុញការប្រើប្រាស់ឯកសារទម្រង់អេឡិចត្រូនិក និងកាត់បន្ថយឯកសារជាក្រដាស និងពង្រឹងយន្តការច្រកចេញចូលតែមួយ នៅការិយាល័យគយ ដោយកាត់បន្ថយនីតិវិធី និងការជួបគ្នាផ្ទាល់ជាមួយមន្ត្រី។

* ជំរុញ និងបញ្ចប់ការរៀបចំដំណាក់កាលទី៣ នៃប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដើម្បីបញ្ចូលអាជ្ញាបណ្ណ លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និងឯកសារផ្សេងៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅ ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឱ្យបានជាអតិបរមា ក្នុងការស្នើសុំឯកសារនាំចេញនាំចូល៕