(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បញ្ជាឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមដាន និងវាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តវិធានការ ចំនួន ១០ចំណុច ដែលសម្តេចបានដាក់ចេញនៅថ្ងៃនេះ ពាក់ព័ន្ធវិស័យឯកជន។

ថ្លែងពេលអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាយការណ៍ជូនរាជរដ្ឋាភិបាលប្រចាំ រៀងរាល់ ៦ខែម្តង។ ជាមួយគ្នានេះ ក្រសួងស្ថាប័ន-ពាក់ព័ន្ធត្រូវខិតខំអនុវត្តវិធានការ ដែលបានដាក់ចេញខាងលើ ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលមានការរៀបចំនៅសូចនាករគន្លឹះ និងក្របខណ្ឌ ពេលវេលាច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

វិធានការទាំង ១០នោះ រួមមាន៖ ១៖ សម្របសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគ, ការសម្រាលបន្ទុកលើអនុលោមភាព, ការសម្រួលធុរកិច្ចនៅក្រោមដែនសមត្ថកិច្ចពន្ថដារ, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម នៅក្រោមដែនសមត្ថកិច្ចគយ, ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ការស្តារ និងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍, ការជំរុញការអភិវឌ្ឍនវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ការជំរុញការចូលរួមចំណែករបស់វិស័យធនាគារ ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទាន សម្រាប់វិស័យឯកជន ដោយរក្សាឲ្យបាននូវស្ថិរភាពហរិញ្ញវត្ថុ, ការជំរុញការអភិវឌ្ឍវិស័យរ៉ែ និងថាមពល និងការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវតាមដាន និងវាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តវិធានការខាងលើ និងរាយការណ៍មកជូនរាជរដ្ឋាភិបាលប្រចាំ រៀងរាល់ ៦ខែម្តង»

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, វិធានការខាងលើអាចមានចរិតជារចនាសម្ព័ន្ធ ប្រព័ន្ធ ឬអន្តរវិស័យ ព្រមទាំងមានលក្ខណៈផ្ទាល់។ ជាការពិតបញ្ហាមួយចំនួន ដែលបានលើកឡើងដោយវិស័យឯកជន នៅមិនទាន់ដោះស្រាយរួចទេ តែនឹងត្រូវបានដោះស្រាយ នៅក្នុងរយៈពេលមធ្យម ក្នុងន័យនេះ ខ្ញុំសូមប្រគល់ការងារនេះជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការងាររៀបចំកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រីកភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនពិតប្រាកដប្រជាខ្ពស់ សម្រាប់រយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៨ ដែលត្រូវរួមបញ្ចូលផងដែរ នូវការគិតគូរការដោះស្រាយបញ្ហាធំៗមួយចំនួន ដែលវិស័យឯកជនបានលើកឡើងរួមមាន ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការជំរុញ ការអភិវឌ្ឍសហគ្រាស ធុនមីក្រូ តូច និងមធ្យម, ការបង្កើតភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស, ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង, ការអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ការជំរុញការអភិវឌ្ឍនវិស័យកសិកម្ម និងវិស័យទេសចរណ៍, ការជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដូចជាវិស័យយានយន្ត និងអេឡិចត្រូនកិចនៅកម្ពុជា ជាដើម, កិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយឲ្យអស់នូវការប្រើប្រាស់ឯកសារចេញចូល ក្នុងទម្រង់រឹង ឲ្យបានក្នុងរយៈពេល ៤ឆ្នាំ, ការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវដែក ដែលមានបច្ចុប្បន្ន កាន់តែមានប្រសិទ្ធភាព និងតម្លៃសមរម្យ និងការជំរុញការកែសម្រួលឲ្យមានភាពប្រកួតប្រជែងបន្ថែមទៀត នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ជាដើម៕