(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពដល់ការបង្កើតក្រុមការងារតាមវិស័យមួយទៀត គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលធ្វើឲ្យក្រុមការងារតាមវិស័យ នៅតាមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានចំនួនសរុប១៥។

ការឯកភាពរបស់សម្តេចធិបតី បានធ្វើឡើងពេលសម្តេចអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្តល់ការឯកភាពជាគោលការណ៍ ដល់ការបង្កើតក្រុមការងារតាមវិស័យ ១បន្ថែមទៀត តាមការស្នើសុំរបស់វិស័យឯកជន គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទូរគមនាគមន៍ ដើម្បីជាអាទិភាពដាច់ដោយឡែកមួយ ក្នុងការស្តាប់ ហើយជួយគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍វិស័យជាអាទិភាពនេះ។ ដូច្នេះក្រុមការងារតាមវិស័យ នៅតាមយន្តការវេទិការាជរដ្ឋភិបាល-ផ្នែកឯកជន នឹងមានចំនួនសរុប ១៥»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ ក្រុមការងារតាមវិស័យទាំង១៥ ត្រូវសហការយ៉ាងជិតស្និតជាមួយវិស័យឯកជន ដោយរៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ ខិតខំដោះស្រាយបញ្ហាឲ្យអស់ប្រចាំថ្ងៃ នៅក្នុងវិស័យឯកជន ដោយមិនត្រូវរង់ចាំការរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ឡើយ។ ទន្ទឹមនេះ ដោយក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទើបតែត្រូវបង្កើតឡើង សម្តេចបានស្នើសុំរៀបចំសមាសភាពឲ្យបានឆាប់ ដើម្បីចាប់ផ្តើមប្រជុំ ដើម្បីស្តាប់ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ចំពោះកិច្ចប្រជុំនៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងរយៈពេលតទៅទៀត ដោយរំពឹងថា ក្រុមការងារទាំង១៥ នឹងបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដើរតួនាទីជាយន្តការសម្របសម្រួល រកដំណោះស្រាយលើបញ្ហា ដែលមានលក្ខណៈចរិតអន្តរស្ថាប័ន អន្តរវិស័យបានមួយកម្រិតធំទៀត។

បន្ថែមលើនេះ ដោយគោរពតាមស្មារតីនៃការសម្រេច នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កន្លងទៅផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើថា អាចរៀបវេទិកានេះ យ៉ាងហោចណាស់ ២លើក ឲ្យបានក្នុងអាណត្តិនីមួយៗ របស់រាជរដ្ឋាភិបាល ពោលគឺនៅដើមអាណត្តិ ១លើក និងពាក់កណ្តាលអាណត្តិ ១លើក។ ប៉ុន្តែ វេទិកានេះក៏អាចរៀបចំតាមការបត់បែនផងដែរ៕