​(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ ជូនដល់អ្នកដែលខ្ចីដើម្បីទិញដីធ្លី ​និងលំនៅឋាន ទៅតាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថានដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត រួមនឹងការដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរួមចំណែកជួយដល់វិស័យអចលនទ្រព្យដែលបានរងផលប៉ះពាល់ពីវិបត្តិនានាផ្ទួនៗគ្នា។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាស​អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។ ជំនួបនេះធ្វើឡើងនាវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខធមស០១៧ ៣ ៤៤ ប្រក. ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់»​

សម្តេចមានប្រសាសន៍បន្តថា មុនកាលរីករាលដាលនៃជំងឺកូវីដ១៩ វិស័យសំណង់ និងអចលនទ្រព្យ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ និងបានក្លាយជាជន្ទល់កំណើនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។ ប៉ុន្តែក្រោយពេលការរីកដាលនៃជំងឺកូវីដ១៩ រួមនឹងវិបត្តិផ្សេងបានធ្វើឱ្យប៉ះពាល់ ដល់តម្រូវការទាំងខាងក្នុង និងខាងក្រៅនៃវិស័យនេះ ហាក់នៅទ្រឹង និងតម្រូវឱ្យមានការតាមដានជាប្រចាំ និងការដាក់ចេញនូវវិធានការដើម្បីរក្សាលំនឹងវិស័យសំណង់ និងវិស័យអចលនទ្រព្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីវិធានការដែលបានដាក់ចេញទាំងនោះរួមមាន៖

១៖ បន្តពន្យាពេលការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលបាននឹងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានអាជ្ញាបណ្ណអចលនវត្ថុផ្តល់ដល់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ដោយឡែកក្រុមហ៊ុនដែលមិនទាន់ទទួលបានអាជ្ញាបណ្ណអាជីវកម្ម ត្រូវរួសរាន់ទៅចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តបង់ពន្ធជាកញ្ចប់រហូតដល់ចុងឆ្នាំ២០២៤។

ទី២៖ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី១២ខែ ដល់១៨ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលបង់ពន្ធតិចជាង១លានដុល្លារ និងពី២៤ខែ ដល់៣៨ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលបង់ពន្ធលើសពី១លានដុល្លារ។

ទី៣៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរីថ្មី ឬក្រុមហ៊ុនមានគម្រោង​អភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលមិនទាន់បានអភិវឌ្ឍន៍ត្រូវបង់ពន្ធស្របតាម និតិវិធីជាព័ត៌មានរបបពិត និងត្រូវកាន់បញ្ជីគណនីឱ្យបានត្រឹមត្រូវ។

ទី៤៖ បន្តពន្យារពេលការអនុវត្តលើពន្ធចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤។

ទី៥៖ បន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋាន គ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងដែលមានតម្លៃក្រោមឬស្មើ៧ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ២០២៤។

ទី៦៖ លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខ ធ.ម​០១៧ ៣ ៤៤ ប្រក. ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់​។

ទី៧៖ ​លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍចាំបាច់ត្រូវបំពេញកាតព្វកិច្ច សមស្របតាមប្រកាស ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

ទី៨៖ ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៣ លើសេចក្តីប្រកាសស្តីពីកាតព្វកិច្ច ដាក់រាយការណ៍ហិរញ្ញវត្ថុឱ្យសវកម្មឯករាជ្យ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏បានបង្កើតនូវការក្រុមការងារអន្តរក្រសួងចំនួន២ ដើម្បីតាមដានដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យនេះរួមមាន ទី១. ក្រុមការងារក្រសួងស្ថាប័នដើម្បីដោះស្រាយវិវាទផ្សេងៗ ក្នុងវិស័យអចលទ្រព្យ និង ទី២. ក្រុមការងារអន្តរក្រសួងស្ថាប័នកម្រិតនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចវាយតម្លៃស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យ និងដើម្បីបន្តដោះស្រាយបញ្ហាបន្ទាន់ និងសិក្សាវិភាគ និងការដាក់ចេញនូវគោលនយោបាយ សំដៅការធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ។

បន្ថែមពីនេះសម្តេចធិបតី ក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀតផងដែរ ដើម្បីជួយដល់វិស័យអចលទ្រព្យ និងសំណង់ ក្នុងនោះសម្រាប់ផ្ទះមានតម្លៃលើស៧ម៉ឺនដុល្លារអាមេរិក ត្រូវបានអនុញ្ញាតឲ្យដកតម្លៃ៧ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋាន នៃការគិតពន្ធប្រថាប់ត្រា។

លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកលែងពន្ធប្រថាប់ត្រា ដល់អចលនទ្រព្យទិញ-លក់ តម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ឆ្នាំ២០២៤​៕