(ភ្នំពេញ)៖ តាមសំណើរបស់ផ្នែកឯកជនវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកំពុងពិចារណាលើការពង្រីកវិសាលភាពបណ្ណព្រំដែន (Border Pass) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ ដែលរស់នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជាបន្ថែមទៀត ដោយអាចសាកល្បងធ្វើនៅគោលដៅទេសចរណ៍ ខេត្តសៀមរាប ជាមុនសិនចាប់ពីឆ្នាំ២០២៤ មុនអនុវត្តនៅតាមគោលដៅផ្សេងទៀត។

នេះជាការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សម្ដេចធិបតីបានបញ្ជាក់ថា វិស័យឯកជនបានលើកសំណើ និងសំណូមពរឱ្យពង្រីកវិសាលភាពបណ្ណព្រំដែន ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដែលរស់នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជា មានលទ្ធភាពធ្វើដំណើរមកលេងដល់ខេត្តសៀមរាបតែម្ដង ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន (Passport)។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងសំណើពង្រីកវិសាលភាពបណ្ណព្រំដែននេះ រាជរដ្ឋាភិបាលទទួលយកសំណើនេះដើម្បីពិភាក្សា»

ជុំវិញកិច្ចការនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក ស្រេដ្ឋា ថាក់វីស៉ីន (Srettha Thavisin) ហើយក៏មានគោលការណ៍ឯកភាពថានឹងពិនិត្យមើលលទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋដែលមកពីខាងថៃអាចចូលមកដល់ខេត្តសៀមរាប ដោយមិនចាំបាច់កាន់លិខិតឆ្លងដែន។

សម្ដេចធិបតីបានផ្ដល់គោលការណ៍ថា «ការពង្រីកវិសាលភាពបណ្ណព្រំដែននេះអាចសាកល្បងធ្វើនៅខេត្តសៀមរាប ចាប់ពីឆ្នាំ២០២៤» ដើម្បីពិនិត្យមើលលទ្ធភាពបន្តទៀតថាតើអាចធ្វើនៅគោលដៅទេសចរណ៍ដទៃទៀតបានដែរឬទេ? ដោយហេតុថា ក្រៅពីសៀមរាប-អង្គរ កម្ពុជាក៏មានគោលដៅទេសចរណ៍ច្រើនទៀត ដូចជានៅតំបន់ប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំជាដើម។ ការសាកល្បងស្ទាបស្ទង់នេះដែរ ក៏ព្រោះមិនមែនមានតែរឿងទេសចរណ៍ គឺមានទាំងផ្នែកសន្តិសុខ និងបញ្ហាផ្សេងៗទៀត ដែលចាំបាច់ត្រូវពិនិត្យមើលឱ្យបានច្បាស់។

សម្ដេចធិបតីបានបន្តទៀតថា ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ គឺមានការកែសម្រួលលើកិច្ចព្រមព្រៀងឆ្លងដែនឡើងវិញ ហើយសម្ដេចធិបតីបានស្នើឱ្យក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួមគ្នាជំរុញកិច្ចការនេះឱ្យបានឆាប់។

គួររំឭកថា ភាគីកម្ពុជាមានការឯកភាពគ្នាតែជាមួយភាគីថៃ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃអាចធ្វើដំណើរឆ្លងកាត់ដោយមិនចាំបាច់មានលិខិតឆ្លងដែន ក្នុងនោះខាងប្រទេសកម្ពុជាមានខេត្តកោះកុង ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រីឯខាងប្រទេសថៃមានខេត្តត្រាត ខេត្តចន្ទបុរី ខេត្តស្រះកែវ ខេត្តបុរីរម្យ ខេត្តសុរិន្ទ្រ ខេត្តសិរីសាកេត ឬស៉ីសាកេត និងខេត្តឧត្បលរាជធានី ឬអ៊ូបុនរ៉ាត់ឆាថានី៕