(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតជាគោលការណ៍លើការតម្លើងទម្ងន់ដឹកជញ្ជូនទំនិញពី ៤០តោន ទៅ៤៥តោន និងបានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងធ្វើការសិក្សាបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដូចនេះនៅព្រឹកទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩។ វេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» គឺជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បញ្ហាដែលស្នើមកន្លងមកគឺការសុំតម្លើងកម្រិតទម្ងន់ដឹកជញ្ជូនសរុបពី ៤០តោន ទៅ៤៥តោន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនជាពិសេសក្នុងវិស័យកសិកម្ម ហើយពាក់ព័ន្ធបញ្ហានេះខ្ញុំក៏សុំផ្តល់ការអនុញ្ញាតជាគោលការណ៍លើការតម្លើងទម្ងន់ដឹកជញ្ជូនទំនិញពី ៤០តោន ទៅ៤៥តោន»

ដើម្បីអនុវត្តន៍ការងារនេះឱ្យឆាប់រហ័ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចប្រគល់ការងារមួយនេះឱ្យទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការសិក្សាបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោង ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវដែលអាចប្រើប្រាស់បានសម្រាប់ការតម្លើងកម្រិតទម្ងន់នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ជាមួយនឹងការលើកទឹកចិត្ត និងជួយទៅដល់ការកាត់បន្ថយថ្លៃដឹកជញ្ជូន ដល់វិស័យឯកជន យើងក៏ត្រូវគិតដល់ហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយក្នុងនោះត្រូវចូលរួមរឹតបន្តឹងការដឹកជញ្ជូនទំនិញលើកចំនួនកំណត់នៃច្បាប់។ សម្តេចធិបតី សង្ឃឹមដែរការជួយតម្លើងការដឹកជញ្ជូនទំនិញពី ៤០តោន ទៅ៤៥តោន នឹងអាចជួយសម្រួលដល់វិស័យឯកជនបានច្រើនផងដែរ៕