(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចលុបចេញសេវាសាធារណៈចំនួន១៦ ព្រមទាំងបន្ថយតម្លៃ សេវាចំនួន៥៦ផ្សេងទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យម ជាពិសេសខាងកម្មន្តសាល ដែលនឹងធ្វើឱ្យក្រសួងនេះ បាត់បង់ចំណូលមួយចំនួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការលះបង់ចំណូលរបស់រដ្ឋនេះ គឺរាជរដ្ឋាភិបាលមិនខ្លាចនោះទេ ប្រសិនបើកិច្ចការងារនោះ អាចជួយសម្រួល និងគាំទ្រដល់វិស័យឯកជនឱ្យរីកលូតលាស់ទៅមុខថែមទៀត។

សម្តេចបានបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្រៅពីលុបចេញ និងសម្រួលតម្លៃ រាជរដ្ឋាភិបាល ក៏ពន្លឿនរយៈពេលឱ្យខ្លីជាមុន ចំពោះការផ្តល់សេវាចំនួន១៩៩ ផ្សេងទៀត ជូនអ្នកស្នើសុំ ដែលសេវាទាំងអស់នេះ គឺសុទ្ធតែពាក់ព័ន្ធនឹងវិស័យផលិតកម្ម និងសិប្បកម្ម ដែលរាជរដ្ឋាភិបាលយល់ថា ជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ច ទៅអនាគត។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «តាមរយៈការសម្រួលទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងលះបង់នូវចំណូលមួយចំនួន ​ប៉ុន្តែការលះបង់ចំណូលរបស់រដ្ឋ យើងមិនខ្លាចទេ ប្រសិនបើកិច្ចការងារនោះជួយសម្រួល និងគាំទ្រដល់វិស័យឯកជន ឱ្យរីកលូតលាស់»

សម្តេចបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តធ្វើ ហើយចាត់ចែងលើអ្វីដែលអាចធ្វើបាន។ ទន្ទឹមនឹងការកែសម្រួលសេវាសាធារណៈនេះ ក្រសួងឧស្សាហកម្ម ក៏នឹងបញ្ចូលសេវាទាំងនេះ​នៅក្នុងក្របខណ្ឌបច្ចេកវិទ្យាព័ត៌មាន ឱ្យបានទាំងស្រុង នៅចុងឆ្នាំ២០២៤ ផងដែរ៕