(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យដឹងអំពីយន្ដការពិសេស ដល់ជនបរទេសមានសិទ្ធិជួលអចលនទ្រព្យ រយៈពេលយូរចាប់ពី១៥ឆ្នាំ ដល់៥០ឆ្នាំ និងមានសិទ្ធិបន្ត៥០ឆ្នាំទៀត និងបានប្រកាសពីយន្តការអនុគ្រោះ ដល់អ្នកវិនិយោគជនបរទេស អាចទទួលបានទិដ្ឋាការ រយៈពេលយូរថែមទៀតផង។
ការប្រកាសឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនាវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនបានអនុញ្ញាតឲ្យជនបរទេស ទាំងជារូបវន្តបុគ្គល ទាំងជានីតិវិធីបុគ្គល អាចក្លាយជាកម្មសិទ្ធិ លើដីធ្លីនោះឡើយ ពោលគឺមានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ លើដីធ្លី»។
យ៉ាងណាមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីការធ្វើការសិក្សានិងត្រួតពិនិត្យឡើងវិញ នូវបទដ្ឋានគតិយុត្តដែលមានស្រាប់ កម្ពុជាក៏មានយន្ដការដែលបានផ្តល់សិទ្ធិ ឲ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យ ដែលមានសិទ្ធិស្ទើរតែដូចគ្នា ទៅនឹងសិទ្ធិកាន់កាប់កម្មសិទ្ធិករដែរ តាមរយៈយន្ដការចំនួន៣ ដូចខាងក្រោម៖
ទី១៖ យន្ដការតាមរយៈតំណាងជាជនជាតិខ្មែរ តាមរយៈការអនុញ្ញាត ឲ្យជនបរទេសអាចទិញដីបាន តាមរយៈតំណាងជនជាតិខ្មែរ ប៉ុន្តែនៅលើប័ណ្ណកម្មសិទ្ធិ ត្រូវដាក់ឈ្មោះអ្នកតំណាងជនជាតិខ្មែរ ហើយដើម្បីការពារអ្នកវិនិយោគទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យា ជាមួយតំណាងរបស់ខ្លួន។
ទី២៖ យន្ដការតាមរយៈក្រុមហ៊ុនបរធនបាល យោងតាមច្បាប់ ស្តីពីបរធនបាលកិច្ច ឆ្នាំ២០១៩ ជនបរទេសអាចទិញដីនៅកម្ពុជាបាន តាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ច នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រឹមត្រូវ ពោលគឺជនបរទេសអាចទិញទ្រព្យសម្បត្ដិ ដែលមានក្រុមហ៊ុនបរធនបាល ដើរតួរនាទីជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិនេះ តែក្រុមហ៊ុននោះ គ្មានសិទ្ធិយកទៅលក់បន្តឡើយ ដរាបណាមិនមានការយល់ព្រម ពីជនបរទេសដែលជាម្ចាស់អចលនទ្រព្យ។
ទី៣៖ យន្ដការវិនិយោគតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះ ម្ចាស់តំបន់ដៃគូ ឬទេសចរណ៍ពិសិដ្ឋ អាចបានទទួលការលើកទឹកចិត្ត ដូចជា៖
(១)៖ អាចទទួលបានទិដ្ឋាការ ចេញចូលកម្ពុជាច្រើនដង ឬការលើកលែងទិដ្ឋាការ ឬស្នាក់នៅរយៈពេលយូរ ស្របតាមច្បាប់កំណត់ ឬអាចប្រើប្រាស់ប័ណ្ណ អនុញ្ញាតចេញចូលពិសេស ពីរាជរដ្ឋាភិបាល
(២)៖ អាចទទួលបានសិទ្ធិកម្មសិទ្ធិ ឬសិទ្ធិប្រើប្រាស់អាស្រ័យផល លើអចលនទ្រព្យនៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ក្រោយពីមានការពិភាក្សាគ្នាច្រើន មុននឹងវេទិកាថ្ងៃនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចជំរុញការអនុវត្តយន្ដការមួយបន្ថែមទៀត គឺយន្ដការសិទ្ធិជួលរយៈពេលវែង បន្ថែមឲ្យយន្ដការទាំង៣ខាងលើ។ សម្តេចធិបតី បានបញ្ជាក់ថា យន្ដការនេះ មិនមែនជាយន្តការថ្មីនោះទេ ដែលបទដ្ឋានគតិយុត្ត កម្ពុជាមានស្រាប់រួចហើយ ប៉ុន្តែមិនទាន់ត្រូវបានលើកមកពិភាក្សា និងរៀបចំយន្តការការអនុវត្ត ហើយសាធារណជនទូទៅ ក៏មិនសូវទាន់យល់ដឹងលើយន្តការនេះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «តាមច្បាប់ជនបរទេស ដែលមានសិទ្ធិជួលអចលនទ្រព្យ តាមរយៈកិច្ចសន្យាជួលរយៈពេលវែង ជាពិសេសនៅក្នុងបុរី ដោយផ្ទុយពីរដ្ឋធម្មនុញ្ញ ឬច្បាប់ជាធរមាន ទោះបីជាជនបរទេស មិនមានសិទ្ធិទិញដី ឬផ្ទះជាន់ផ្ទាល់ដី ជាកម្មសិទ្ធបានក៏ដោយ ជនបរទេសអាចចុះកិច្ចសន្យាជួលអចិន្ដ្រៃយ៍ ជួលរយៈពេលវែង នូវអចលនទ្រព្យទាំងនោះ ក្នុងរយៈពេល១៥ឆ្នាំ ទៅ៥០ឆ្នាំ និងអាចបន្ដការជួល រយៈពេល៥០ឆ្នាំទៀត ដោយពិនិត្យទទួលបាននូវសិទ្ធិប្រត្យក្ស ស្ទើរតែដូចនឹងសិទ្ធិរបស់កម្មសិទ្ធិករដែរ»។
បន្ថែមពីនោះទៀត ដើម្បីពន្លឿនក្នុងការសម្រុះសម្រួល ការអនុវត្ដសិទ្ធិជួលរយៈពេលវែងនេះ រួមទាំងយន្ដការទាំង៣ខាងលើនេះ ឲ្យបានប្រកបដោយប្រសិទ្ធភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំឲ្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញការរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ នូវលក្ខខណ្ឌយន្ដការនីតិវិធី និងបទដ្ឋានគតិយុត្ត សម្រាប់ការអនុវត្តយន្តការទាំងនេះ រួមបញ្ចូលផងដែរ នូវយន្តការសម្របសម្រួលលើកទឹកចិត្ត ការផ្ដល់ទិដ្ឋាការ, យន្ដការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងយន្តការតាមដានវាយតម្លៃ៕