(ភ្នំពេញ)៖ ដោយមើលឃើញថា ខេត្តសៀមរាបបានរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងទៀតនៅកម្ពុជា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ព្រមទាំងវិធានការមួយចំនួន ដើម្បីចូលរួមស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ។

សម្ដេចធិបតីបញ្ជាក់យ៉ាងដូច្នេះគឺនៅក្នុងវេទិការាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងដល់ចំណុច «ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍» ដោយបានគូសបញ្ជាក់ថា វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់មួយដែលបានផ្ដល់នូវការងារជាច្រើន ដល់ប្រជាពលរដ្ឋ ហើយបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩កន្លងមក រហូតដល់ពេលនេះឃើញថាតួលេខភ្ញៀវទេសចរដែលបានមកប្រទេសកម្ពុជា មានការកើនឡើង ទាំងតួលេខពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអង្គរ។ ជាការពិតវិស័យទេសចរណ៍នេះមានកំណើន តែមិនទាន់ដល់កម្រិតមុនពេលវិបត្តិកូវីដ១៩នៅឡើយទេ ហើយការកើនឡើងនេះទៀតសោត ក៏មានស្ថានភាពមិនដូចគ្នានៅតាមគោលដៅទេសចរណ៍សំខាន់ៗ ពិសេសនៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។

សម្ដេចធិបតីបានបន្តថា នៅក្នុងជំនួបជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍កន្លងមក ផ្នែកឯកជនបានលើកឡើងនូវបញ្ហាប្រឈមជាច្រើន ទាំងនៅក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍និងវិស័យឯកជន ការជួបក្រៅផ្លូវការរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំនួបជាមួយសម្ដេចធិបតីផ្ទាល់កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ គឺភាគីទាំងអស់ទទួលស្គាល់ថា​ «ខេត្តសៀមរាបបានរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងទៀតនាពេលបច្ចុប្បន្ន»។ ក្នុងន័យនេះ រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការពិសេសនានា ដើម្បីលើកស្ទួយទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានភាពល្អប្រសើរឡើងវិញ។ សម្ដេចធិបតីជឿជាក់ថា នៅពេលស្ថានភាពទេសចរណ៍ខេត្តសៀមរាប មានភាពល្អប្រសើរឡើងវិញ ក៏នឹងជះឥទ្ធិពលដល់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ។

នៅក្នុងន័យនេះ សម្ដេចធិបតីបានប្រកាសជូនជនរួមជាតិថា «រាជរដ្ឋាភិបាលបានផ្ដួចផ្ដើមដាក់ចេញនូវកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាបឆ្នាំ២០២៤ ដែលនៅក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមួយចំនួន សំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបមានសន្ទុះងើបឡើងវិញ»

សម្ដេចធិបតីបានណែនាំឱ្យក្រសួងទេសចរណ៍ត្រូវរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការក្រុមប្រឹក្សាទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជនពាក់ព័ន្ធឱ្យបានឆាប់បំផុត។ ការដាក់ដំណើរការក្រុមប្រឹក្សាទេសចរណ៍នេះ នឹងអាចដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនជួបប្រទះប្រចាំថ្ងៃ ជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ និងចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងទៀត។ ចំពោះចំណុចនេះក្រុមប្រឹក្សាទេសចរណ៍ មិនមែនត្រឹមតែជាយន្តការក្នុងការជួបជជែកគ្នាតែប៉ុណ្ណោះទេ តែសូមជាយន្តការប្រតិបត្តិ ជាយន្តការមានជើងដើរសម្រាប់ដើរគោះទ្វារគេទាំងក្នុងនិងក្រៅប្រទេស។

យើងត្រូវការយន្តការដែលដើរផុតពីក្រដាសដើម្បីអនុវត្ត តាមដាន ត្រួតពិនិត្យ ដូច្នេះត្រូវរៀបចំជាក្រុមការងារ រៀបចំជាកញ្ចប់ទស្សនកិច្ច សហការជាមួយស្ថាប័ននៅក្រៅប្រទេសដើម្បីនាំទេសចរមកទស្សនាប្រទេសកម្ពុជា។ ការងារនេះទាមទារការចូលរួមពីវិស័យឯកជនឱ្យបានច្រើន ទោះបីធនធានថវិកាជាតិមានកំណត ធនធានថវិការបស់វិស័យឯកជនក៏មានកំណត់ តែអាចរួមគ្នាធ្វើកិច្ចការងារនេះ ថវិកាតិចតែត្រូវចាយឱ្យចំគោល ដើម្បីឱ្យទទួលបានផលឱ្យបានចំណេញច្រើន។ ត្រូវមានបុរេសកម្ម ត្រូវដើរមុនសភាពការណ៍ ត្រូវព្យាករណ៍ទុកជាមុន កុំចាំបញ្ហាមកដល់។ ឱ្យទេសចរមកលេងប្រទេសយើង តែយើងក៏ត្រូវមានអ្វីឱ្យគេមកកម្សាន្តបានពេញចិត្ត គឺត្រូវផ្ទះយើងឱ្យរៀបរយសិន ចាំហៅគេមកលេង បើផ្ទះយើងមិនទាន់រៀបរយ ហៅគេឱ្យមក គេមិនពេញចិត្ត គេទៅវិញប្រាប់គ្នាគេមិនឱ្យមកផ្ទះយើងទៀតទេ អ៉ីចឹងត្រូវមានភាពទាក់ទាញ ដើម្បីឱ្យភ្ញៀវទេសចរមកហើយ ទៅវិញប្រាប់គ្នីគ្នាគេឱ្យមកលេងប្រទេសយើងលើកក្រោយៗទៀត។ ការងាររៀបចំ យន្តការអនុវត្តនេះ ត្រូវផ្អែកលើភាពជាក់ស្ដែងនិយម កុំតាមតែទ្រឹស្ដីនិយម មិនចាំបាច់ទាល់តែរៀបចំផែនការធំទូទាំងប្រទេសនោះទេ ធ្វើឱ្យតែសៀមរាបដើរមួយសិននៅឆ្នាំ២០២៤។

សម្ដេចធិបតីបានបន្តណែនាំឱ្យក្រុមប្រឹក្សាទេសចរណ៍ដែលក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ត្រូវរៀបចំខ្សែច្រវាក់តម្លៃទាំងមូលសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប មានជាអាថ៌៖ ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ ការកែប្រែ កែសម្រួល និងការផ្ដល់សេវាកម្មនាពេលមកដល់របស់ភ្ញៀវ ពេលស្នាក់នៅរបស់ភ្ញៀវ និងពេលភ្ញៀវត្រឡប់ទៅវិញ តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ពន្ធជារួម ក៏ដូចជាការកែលម្អនូវហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពអាកាសយានដ្ឋានសៀមរាបថ្មីទៅកាន់ក្រុងសៀមរាប ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា ផ្នែកប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍។ល។ និយាយរួម ផែនការទាំងនេះត្រូវមានភាពទាក់ទាញ និងជាកាតាលីករជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើងវិញ ផែនការសកម្មភាពក៏ត្រូវមានការបែងចែកការទទួលខុសត្រូវច្បាស់លាស់រវាងវិស័យរដ្ឋ វិស័យឯកជន គិតគូរពីតម្រូវការថវិកា និងស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ។

សម្ដេចធិបតីបានណែនាំឱ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ឬក្នុងប្រទេស ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃ សូមកុំប្រកួតប្រជែងតែក្នុងខេត្ត ឬក្នុងប្រទេសខ្លួនឯង ព្រោះទាល់តែយើងរួមគ្នា ទើបពង្រីកសក្ដានុពលទៅប្រកួតជាមួយប្រទេសគេផ្សេងបាន។ ក្រុមប្រឹក្សាទេសចរណ៍ក៏នឹងមានភារកិច្ចរួមសហការជាមួយនឹងយន្តការដោះស្រាយបញ្ហាដែលវិស័យឯកជនកំពុងជួបប្រទះក្នុងអាជីវកម្មប្រចាំថ្ងៃផងដែរ ដូចជាការគ្រប់គ្រង ការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ បញ្ហាអនាម័យនិងការគ្រប់គ្រង ការពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ការបំពាក់កាំមេរ៉ាសុវត្ថិភាពតាមគោលដៅទេសចរណ៍សំខាន់ ការកំណត់ថ្លៃសម្រាប់ភ្ញៀវបរទេសនិងភ្ញៀវក្នុងស្រុក ការជំរុញការបិទផ្លាកតម្លៃ ការបង្កើតផែនទីទេសចរណ៍ ការដាក់បញ្ចូលទីតាំងទេសចរណ៍ថ្មីៗ និងការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៉ីនធើណេត ការកែលម្អនិងការកសាងហេដ្ឋារចនាសម្ពន្ធ ការកាត់បន្ថយកម្រៃជើងសារនៃកញ្ចប់ធ្វើដំណើរ ការកែច្នៃប្រកបដោយភាពច្នៃប្រឌិត។

សម្រាប់ជាការចូលរួមចំណែកដល់ការរៀបចំ និងជំរុញការអនុវត្តកម្មវិធីពិសេសទស្សនាសៀមរាបឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការមួយចំនួន៖

* បដិសណ្ឋារកិច្ចនៅតាមច្រកទ្វារព្រំដែន៖ ដើម្បីលើកកម្ពស់ការផ្ដល់សេវាល្អដល់ទេសចរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នឹងដាក់ចេញនូវវិធានការចំនួន៣ រួមមាន៖ ទី១. ការរៀបចំសម្របសម្រួល កែលម្អបំពេញបែបបទពេលមកដល់ (E-arrival card) ពី៣ទម្រង់មកនៅតែ១ទម្រង់ ពោលគឺទម្រង់អេឡិចត្រនិក ដែលនឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ ទី២. រៀបចំជាប្រព័ន្ធ Hot Line ដើម្បីទទួលពាក្យបណ្ដឹងភ្លាមៗទាក់ទងនឹងការផ្ដល់សេវារបស់មន្ត្រីអន្តោប្រវេសន៍នៅតាមគោលដៅសំខាន់ៗ។ ទី៣. បង្កើតប្រព័ន្ធតាមដាន ត្រួតពិនិត្យ ដោយបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងប្រព័ន្ធកាំមេរ៉ានៅតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យការងារជាប្រចាំរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍។ ដើម្បីជំរុញកម្មវិធីពិសេសទស្សនាសៀមរាបឆ្នាំ២០២៤ឱ្យបានទាន់ពេល សម្ដេចធិបតីបានស្នើឱ្យមានការរៀបចំការងារទាំង៣ខាងលើ ជាការសាកល្បងមុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ មុននឹងឈានទៅការចាប់អនុវត្តតាមព្រលានយន្តហោះ និងច្រកអន្តរជាតិផ្សេងៗទៀត។

រាជរដ្ឋាភិបាលក៏នឹងពិចារណាលើការពង្រីកវិសាលភាពបណ្ណព្រំដែន (Border Pass) ដើម្បីឱ្យប្រជាជននៅប្រទេសជិតខាងដែលជាប់ព្រំដែនជាមួយប្រទេសកម្ពុជា អាចធ្វើដំណើរមកលេងខេត្តសៀមរាបបានដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន (Passport)។

សម្ដេចធិបតីបានបន្តទៀតថា ដោយមើលឃើញនូវការលំបាករបស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបក្នុងការទទួលបានហិរញ្ញប្បទាន រាជរដ្ឋាភិបាលក៏កែសម្រួលការស្នើសុំឥណទានជូនប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ និងអនុគ្រោះលក្ខខណ្ឌផ្សេងទៀត ដើម្បីទទួលបានហិរញ្ញប្បទានយកទៅស្ដារអាជីវកម្មទេសចរណ៍ បង្កើនផលិតផលទេសចរណ៍ឡើងវិញ។ ចំពោះផ្នែកពន្ធដារវិញ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ចេញនូវវិធានការមួយចំនួនដែរ ដើម្បីជួយរក្សាលំនឹង និងសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់អាជីវកម្មទេសចរណ៍។

ពិតណាស់ ការផ្តោតទៅលើខេត្តសៀមរាប មិនមែនបានន័យថា រាជរដ្ឋាភិបាលមិនបានគិតគូរលើគោលដៅទេសចរណ៍នៅកន្លែងផ្សេងទេ ប៉ុន្តែជាជំហានចំពោះមុខការផ្តោតយកចិត្តទុកដាក់ជាពិសេសទៅលើខេត្តសៀមរាប តាមការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីឈានដល់ការទាក់ទាញទេសចរមកកម្ពុជា៕