(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន ៥០លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការចំនួន២ ទី១៖ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសមទានទុនរយៈពេល១២ខែ, ទី២៖ ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ ជាមួយនឹងទឹកប្រាក់បឋមចំនួន៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យបងប្អូនដែលជាប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម...!»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ណែត ក៏បានលើកឡើងថា ទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិក បើទោះបីវាមានចំនួនមិនច្រើន ប៉ុន្តែ ក៏មិនតិចនោះដែរ ដូច្នេះប្រាក់នេះវានឹងចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាប្រាក់ចំនួន៥០លានដុល្លារអាមេរិកនឹងត្រូវដាក់ឱ្យចំគោលដៅ ដើម្បីធ្វើយ៉ាងណាបង្កើតប្រាក់ឱ្យកើនឡើង២០០ ឬ៣០០លានដុល្លារ។ សម្រាប់ប្រាក់ចំនួន៥០លានដុល្លារនេះ គឺជាដើមទុនឱ្យវិស័យឯកជនផ្នែកប្រតិបត្តិករទេសចរណ៍ រៀបចំសកម្មភាពទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញរំពឹងតាមរយៈការផ្តល់កម្ចីប្រាក់៥០លានដុល្លារនេះ នឹងបង្កើតប្រាក់ដល់ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខនេះ។ សម្តេចថាប្រតិបត្តិករទេសចរណ៍ ជាកម្លាំងចលករទាក់ម៉ូយឱ្យមកលេងកម្សាន្តនៅខេត្តសៀមរាប ប៉ុន្តែអ្នកទទួលផលពីភ្ញៀវទេសចរ គ្រប់ផ្នែកទាំងអស់ ទាំងសេដ្ឋកិច្ចជាតិ ទាំងអ្នកប្រកបរបរក្រៅប្រព័ន្ធជាដើម។

បន្ថែមពីនេះសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា ត្រូវធ្វើយ៉ាងណាទាក់ចិត្តភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅខេត្តសៀមរាប ដើរទស្សនា និងស្នាក់នៅមានរយៈពេលយូរថ្ងៃ ដូច្នេះ គឺទាមទារឱ្យមានការចូលរួម និងគិតគូរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ខណៈដែលបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ធូរស្រាល ភ្ញៀវទេសចរ បបានស្នាក់នៅក្នុងប្រទេសកម្ពុជា មានរយៈពេលយូរថ្ងៃជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចដាក់ចេញយុទ្ធសាស្ត្រ ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ហើយមិនត្រូវប្រកួតនឹងគ្នាឯងនោះទេ។ រាជរដ្ឋាភិបាលកំពុងពិចារណាផ្តល់បណ្ណព្រំដែនដល់ប្រជាពលរដ្ឋជាប់ព្រំដែនកម្ពុជា ដើម្បីពង្រីកដំណើរទេសចរណ៍របស់ពួកគេនៅតាមខេត្តជាប់ព្រំដែន និងខេត្តជាប់នោះ៕