(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័ន ដែលស្ថិតក្នុងក្រុមការងារអធិការកិច្ចអន្តរក្រសួង ត្រូវធានាឱ្យបានក្នុងមួយឆ្នាំ ចុះធ្វើអធិការកិច្ចរួមគ្នា តាមរោងចក្រ-សហគ្រាសតែមួយដងគត់។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវពង្រឹងការងារអធិការកិច្ចអន្តរក្រសួង តាមការសម្រេចរបស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅខែមីនា ឆ្នាំ២០១៩កន្លងមក។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅវិមានសន្តិភាព។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័ន ដែលស្ថិតក្នុងយន្តការអធិការកិច្ចក្រសួង រួមទាំងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម ជួយដល់វិស័យជនឱ្យវាយតម្លៃ កម្រិតអនុលោមភាពរបស់ខ្លួន មុនពេលធ្វើចុះធ្វើអធិការកិច្ចរួមគ្នា ដូចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងអនុវត្តន៍របបស្វ័យប្រកាសអធិការកិច្ចការងារ លើប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យវិស័យឯកជនអាចបំពេញ និងដឹងភ្លាមៗ នូវចំណុចមិនអនុលោមភាពរបស់ខ្លួន និងមានរយៈពេលត្រឹម៤៥ថ្ងៃ ដើម្បីពិនិត្យឡើងវិញ និងបំពេញបម្ថែមឯកសារ និងកែលម្អចំណុចខ្វះខាតឱ្យបានត្រឹមត្រូវ ពោលគឺអាចកែប្រែចំណុចដែលមិនអនុលោមភាព ទៅជាអនុលោមភាពវិញដោយខ្លួនឯង មុនពេលហួសសុពលភាពក្នុងការកែតម្រូវ។

សម្តេចបានបញ្ជាក់ថា សម្តេចចង់ឱ្យវិស័យឯកជនដើរតួនាទីជាយន្តការ ក្នុងការជួយពង្រឹងអនុលោមភា​ព ដើម្បីផ្តល់នូវទំនុកចិត្ត ងាយនឹងការបន្ថយតម្រូវការអធិការកិច្ច ពីក្រសួងស្ថាប័ន្ធពាក់ព័ន្ធ។

សម្តេចសង្កត់ធ្ងន់ថា «គ្រប់ក្រសួងស្ថាប័នត្រូវធានាថា មួយឆ្នាំគឺរួមគ្នាចុះអធិការកិច្ច តែមួយដងគត់ នូវគោលដៅតែមួយ លើកលែងតែមានបណ្តឹងពីបងប្អូនកម្មករនិយោជិតផ្ទាល់ ឬមានឧបទ្ទវហេតុណាមួយកើតឡើង នេះគឺសូមធ្វើតាមគោលការណ៍ ធ្វើអធិការកិច្ចមួយដង ក្នុងមួយឆ្នាំ អីចឹងសូមឱ្យក្រសួងជំរុញកិច្ចការងារនេះ។

សម្តេចបន្ថែមថា គ្រប់ក្រសួងស្ថាប័នដែលស្ថិត ក្នុងយន្តការអធិការកិច្ចអន្តរក្រសួង ត្រូវមានយន្តការទទួលបណ្តឹងពីវិស័យឯកជន ដើម្បីទប់ស្កាត់ការចុះឆ្លៀតធ្វើអធិការកិច្ច ដោយឡែករបស់ក្រុមការងារណាមួយ៕