(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ ត្រូវពិគ្រោះយោបល់ជាមួយវិស័យឯកជន នៅពេលរៀបចំបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ហើយធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទុកពេលយ៉ាងហោចណាស់៦ខែ មុននឹងដាក់ឱ្យអនុវត្ត។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីសម្តេចបានស្តាប់សំណូមពរ និងកង្វល់របស់វិស័យឯកជន ពាក់ព័ន្ធនឹងការរៀបចំបទដ្ឋានគតិយុត្ត កន្លងមក ដែលខ្លះត្រួតស៊ីគ្នា ហើយមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ សម្តេចបានចាត់ទុកថា កិច្ចការងារនេះជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណា សម្រួល សម្រួច និងធ្វើឱ្យស្រាល នូវយន្តការក្នុងការអនុវត្ត ធានាប្រសិទ្ធភាព និងកុំឱ្យជាន់គ្នា។

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបានទទួលស្គាល់ថា «ការតាក់តែលិខិតគតិយុត្តិកន្លងទៅ​ ក៏ពុំសូវបានពិគ្រោះយោបល់ជាមួយវិស័យឯកជនផងដែរ ហើយការដាក់ចេញឱ្យអនុវត្តតែងតែធ្វើឡើងភ្លាមៗ ដោយមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមិនទុកពេលឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យវិស័យឯកជនអាចសម្របខ្លួន និងរៀបចំផែនការអាជីវកម្មបានទាន់ពេលវេលា»

ក្នុងន័យធានាតម្លាភាព និងប្រសិទ្ធភាព ការរៀបចំ និងការអនុវត្តបទដ្ឋានគតិយុត្ត សម្តេចក៏ដាក់ចេញនូវគោលការណ៍ថា៖ «រាល់ការតាក់តែងបទដ្ឋានគតិយុត្ត ដែលមានការពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការសហគ្រាស អាជីវកម្ម វិស័យឯកជន គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានការពិគ្រោះយោបល់ ជាមួយវិស័យឯកជនពាក់ព័ន្ធសំខាន់ៗ ហើយការដាក់ឱ្យអនុវត្ត ត្រូវមានការផ្សពផ្សាយឱ្យបានទូលំទូលាយ ហើយត្រូវទុកពេលអន្តរកាលយ៉ាងហោចណាស់៦ខែ មុននឹងចាប់ផ្តើមអនុវត្ត»

ប​ន្ថែមពីនេះ សម្តេចធិបតី ក៏បានប្រគល់ភារកិច្ចដល់ គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្របសម្រួលដឹកនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការ​ពិនិត្យឡើងវិញនូវលិខិតអនុញ្ញាត និងអាជ្ញាបណ្ណទាំងអស់ក្នុងវិស័យនីមួយៗ ដោយចាប់ផ្តើមពីវិស័យទេសចរណ៍ វិស័យសហគ្រាស មីក្រូធុនតូច និងមធ្យម ដើម្បីលុបចេញ ​ឬផ្គួបចូលគ្នានូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ដែលត្រួតស៊ីគ្នា និងកែសម្រួលនីតិវិធីលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនីមួយៗ ឱ្យមានភាពច្បាស់លាស់ ពោលគឺធ្វើយ៉ាងណាធានាថា គ្មាននីតិវិធីណាមួយដែលបង្កការលំបាក និងមិនចាំបាច់ចំពោះប្រជាពលរដ្ឋឡើយ៕