(ព្រះវិហារ)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី អារាមមេត្រីភាពបរិស្ថាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយនឹងការចូលរួមដាំកូនឈើ។

ពិធីនេះស្ថិតក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងលោក គង់ សៀកលី អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងអង្កការ ជាតិ អន្តរជាតិ លោក លោកស្រី ជាច្រើនរូបទៀត។

លោក សុខ សាន្តតារ៉ា បានថ្លែងថា ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងបរិស្ថាន ដែលបានជ្រើសរើសខេត្តព្រះវិហារជាទីតាំងប្រារព្ធពិធី ផ្សព្វផ្សាយគោលការណ៍ ណែនាំអារាមមេត្រីបរិស្ថាន យុទ្ធនាការណ៍កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក៏ដូចជាវត្តមានថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រមទាំងអស់លោក លោកស្រី ដែលបានចូលរួមក្នុងពិធីនេះ។

លោក សុខ សាន្តតារ៉ា បានថ្លែងទៀតថា ក្រោមការដឹកនាំដ៍ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ខេត្តព្រះវិហារបាននិងកំពុងមានការរីកចំរើន ប្រែមុខមាត់ជាបន្តបន្តាប់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមិទ្ធិផលរូបវ័ន្តជាច្រើនទៀត។

ជាក់ស្តែងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គឺតែងតែគោរពអនុវត្តយ៉ាងយកចិត្តទុកដាក់ នូវគោលការណ៍នយោបាយរបស់រជារដ្ឋាភិបាល ដោយខេត្តកំពុងធ្វើយ៉ាងសកម្មលើការងារគោលនយោបាយ កិច្ចគាំពាសង្គម ការបម្រើសេវាជូនពលរដ្ឋក្នុងមូលដ្ឋាន ការងារអប់រំ វិស័យសាសនា និងសកម្មភាពសេដ្ឋកិច្ចសង្គមផ្សេងៗបានយ៉ាងល្អ។

ដោយឡែកការលើកកម្ពស់ចំណេះដឹង និងការចូលរួមក្នុងវិស័យបរិស្ថាន ក៏មានសកម្មភាពស៊ីជម្រៅ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អ្នកពាក់ព័ន្ធ មន្ទីរបរិស្ថាន មន្ទីរអប់រំ មន្ទីរធម្មការ បានយ៉ាងរលូន លើការងារផ្សព្វផ្សាយចំណេះដឹងបរិស្ថាន តាមលទ្ធភាព និងគោលដៅរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្មីៗនេះក្រុមការងារមន្ទីរ បរិស្ថានខេត្ត បានចុះអនុវត្តសកម្មភាព យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» បានចំនួន៣៣លើក ស្មើ៣៣សាលា។

លោក សុខ សាន្តតារ៉ា បានថ្លែងយ៉ាងដូច្នេះទៀតថា «ការជ្រើសរើសយកទឺកដីខេត្តព្រះវិហារ ជាទីតាំងប្រារព្ធពិធីនាថ្ងៃនេះរបស់ក្រសួងបរិស្ថាន យើងខ្ញុំយល់ថា មិនមែនជាការចៃដន្យទេ ដោយហេតុថាខេត្តព្រះវិហារមានសាលារៀន មានវត្តអារាមច្រើន កំពុងប្រតិបត្តិតាមការណែនាំស្តីពីសាលាមេត្រី និងអារាមមេត្រីបរិស្ថាន ដែលបានដាក់ចេញពីក្រសួងបរិស្ថាន ហើយកន្លងមកវត្តអារាម សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រះវិហារ ធ្លាប់ទទួលលិខិតថ្លែងអំណរគុណ ប័ណ្ណសរសើរ ដល់ប្រតិបត្តិករមេត្រីភាពបរិស្ថានសរុបចំនួន៧៨ប័ណ្ណផងដែរ»

លោក សុខ សាន្តតារ៉ា បានថ្លែងបញ្ជាក់ទៀតថា ចំពោះកម្មវិធីអារាមមេត្រីបរិស្ថាន និងសាលាមេត្រីបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារសូមប្តេជ្ញាចិត្តជាមួយក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមឱ្យសកម្មថែមទៀត តាមរយះការជម្រុញការអនុវត្ត សាលាមេត្រីបរិស្ថាន អារាមមេត្រីបរិស្ថាន និងការចូលរួមប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕