(កំពង់ឆ្នាំង)៖ អភិបាលស្រុកកំពង់លែង និងក្រុមការងាររដ្ឋបាលស្រុក កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអមដំណើរលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាំយកអំណោយ ជាគ្រឿងឧប ភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រគល់ជូនស្ត្រីម្នាក់ឈ្មោះ សួរ យង អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយមានទីលំនៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង។ ពលរដ្ឋមួយគ្រួសារនេះ រងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង បណ្ដាលឱ្យខូចខាតសម្ភារ និងទ្រព្យសម្បត្តិក្នុងផ្ទះអស់គ្មានសល់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះខាងលើនេះ បន្ទាប់ពីភ្លើងឆេះផ្ទះរបស់គាត់រួចមក រដ្ឋបាលស្រុកកំពង់លែងក៏បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយទៅផ្ដល់ជូនគ្រួសារគាត់ម្ដងរួចមកហើយដែរ។
ដោយឡែកនៅថ្ងៃទី១២ ខែវិច្ឆិកា អំណោយរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានផ្ដល់តាមរយៈតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការសឹករងខេត្ត បានអំណោយខាងលើនេះរួមមាន៖ សម្ភារសម្រាប់សាង សង់លំនៅឋានដូចជា៖ ស័ង្កសី ស៊ីម៉ង់តិ៍ និងគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានផ្ដាំផ្ញើការសួរសុខទុក្ខ និងចូលរួមសោកស្ដាយដល់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិអស់ទាំងស្រុង ដោយសារហេតុការណ៍ភ្លើងឆេះផ្ទះខាងលើនេះ។
លោកឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរថា ជានិច្ចជាកាលក្នុងករណីដែលប្រជាពលរដ្ឋយើងជួបប្រទះក្នុងការខ្វះខាតផ្នែកជីវភាព ឬជួបគ្រោះធម្មជាតិផ្សេងៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី និងជាប្រមុខរាជរដ្ឋាភិបាល សម្តេចតែងគិតគូរជានិច្ចដល់ប្រ ជាពលរដ្ឋយើងដែលជួបនូវគ្រោះភ័យផ្សេងៗឬក៏មានជីវ ភាពខ្វះខាតជាដើម។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានសូមមេត្តាមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យផ្សេងៗ ដោយសារតែរដូវប្រាំងនិងខិតចូលមកដល់ហើយ ហេតុនេះអាចមានភ្លើងឆេះព្រៃ ឆេះកញ្ច្រាំងរាលដាលមកដល់លំនៅឋានរបស់បងប្អូន ឬក៏អគ្គិភ័យដែលកើតមានជាយថាហេតុក្នុងលំនៅដ្ឋានរបស់បងប្អូន។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ បានឲ្យដឹងថា លំនៅឋានមួយខ្នងរបស់ប្រជាពលរដ្ឋដែលត្រូវបានភ្លើងឆាបឆេះ នៅ ក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខាងលើនេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង។ផ្ទះនោះមានទំហំ១ ០គុណ១៥ម៉ែត្រទាំងផ្ទះបាយផង កើតហេតុនៅវេលាម៉ោង ៤៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ភារនៅក្នុងផ្ទះត្រូវបានឆេះទាំងអស់ យកបានតែធុងប៉េត្រូមួយចំនួនតែប៉ុណ្ណោះ៕