(សៀមរាប)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ និងអនុម័តលើរបៀបវារៈមួយចំនួន ដែលកិច្ចប្រជុំដែលបានគ្រោងទុកផង​ដែរ។

កិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា និងលោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ។

បន្ទាប់ពីសមាជិកសមាជិកានៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ បានធ្វើការអនុម័តលើរបៀបវារៈដែលកិច្ចប្រជុំដែលបានគ្រោងទុក មានចំនួន ០៣វារៈរួចមក ក្នុងនោះដែរ សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សា ក៏បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួន ដោយបានផ្តោតទៅលើបញ្ហាការអនុវត្តគោនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ ត្រូវពិនិត្យ កែតម្រូវខ្លឹមសារ តួលេខក្នុងរបាយការណ៍ឲ្យបានត្រឹមត្រូវ បញ្ហាលំនៅដ្ឋាននៅដែលមិនទាន់រុះរើ និងបរិស្ថានក្នុងតំបន់អង្គរ ដែលធ្វើឲ្យប៉ះពាល់សោភណ្ឌភាព បញ្ហាតូបលក់ដូរ (ផ្សាររាត្រី) នៅដងផ្លូវ៦០ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ បញ្ហាអនាម័យព្រៃតាមផ្លូវជាតិ ការទុកដាក់សម្រាមគ្នាសណ្តាប់ធ្នាប់។ ក្នុងនោះដែរ បណ្តាល មន្ទីរ អង្គភាព ពាក់ពន្ធ័ ក៏បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ បានអនុម័តទៅលើពង្រាងរបាយការណ៍ប្រចាំខែតុលា  ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប។

លោកស្រី ម៉ននី រងី្ស ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែតុលា និងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត នីតិកាលទី៧នេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផងដែរ។

លោកស្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យបាននូវការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើយុទ្ធសាស្ត្រ បញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា។ លោកស្រីក៏បានជម្រុញដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចូលរួមរាល់វេទិកាសាធារណៈគ្រប់ពេលវេលា និង សូមឲ្យអាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យបានជាប្រចាំ ការធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវជាតិ ព្រមទាំងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ។

លោក អ៊ាន ឃុន បាន​លើកឡើងថា តាមរយៈការចូលរួមធ្វើការពិនិត្យ និងពិភាក្សា បានឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់ បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។ 

លោក អ៊ាន ឃុន បានបន្តថា ក្រោយការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តកិច្ចការសំខាន់ៗ លើកការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយខ្យល់កន្ទ្រាក់ ជំនន់ទឹកភ្លៀង ដោយគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះផ្ទាល់ដល់មូលដ្ឋាន និងដោះស្រាយបានទាន់ពេលវេលាដល់គ្រួសារជួបការលំបាក និងងាយរងគ្រោះ។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានបន្តទៀតថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

លោក អ៊ាន ឃុន ក៏បានជម្រុញដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ត្រូវបង្កើន និងពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ អនាម័យ បរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ និង អកអំបុក ព្រមទាំងសូមឲ្យអាជ្ញាធរជាតិអប្សរា ធ្វើការជម្រុញក្នុងការរុះរើលំនៅដ្ឋានដែលនៅសេសសល់ក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅតាមការកំណត់របស់អង្គការយូនីស្កូផងដែរ៕