(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងជាង៧ព្រឹក មានករណីឆក់ខ្សែកកើតឡើងនៅចំណុច ខាងត្បួងស្ពានរង្វង់មូលផ្លែត្នោត ក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តែក្រោយចក់បានមួយសន្ទុះត្រូវបាននគរបាលបង្ក្រាបបានភ្លាមៗ។

តាមសាក្សីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សាន រស្មី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានជិះម៉ូតូ១គ្រឿង មកពីផ្សារកំពង់ស្ពឺ សំដៅទៅផ្ទះ។

ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ មិនចាំសេរីឆ្នាំ និងស្លាកលេខ មកពាក់ទឹមម៉ូតូជនរងគ្រោះពីខាងឆ្វេង រួចធ្វើសកម្មភាពលូកដៃឆក់ខ្សែក ទាញដាច់បានមួយកំណាត់ រួចប្រញ៉ាប់ជិះគេចខ្លួនទៅទិសខាងលិចបាត់។ ជនរងគ្រោះបានស្រែកឆោឡោឲ្យគេជួយ និងមានបងប្អូនរាយការណ៍ទៅកាន់ប៉ូលីសបន្ទាន់។

ក្រោយបានទទួលព័ត៌មានភ្លាមៗ ជំនាញនគរបាលយុត្តិធម៌ សហការកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងប៉ុស្ដិ៍ស្វាយក្រវ៉ាន់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បានជិះម៉ូតូដេញតាមរហូតដល់ចំណុច ភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទើបឃាត់បានជនសង្ស័យបានម្នាក់ ដែលមានឈ្មោះសុខ សំណាង អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយយកមកសាកសួរនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នគរបាលខេត្តកំពង់ស្ពឺ ជនសង្ស័យក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ខ្សែក ពិតប្រាកដមែនត្រូវបានចាប់ខ្លួនភ្លាមៗ។

សមត្ថកិច្ចបន្តថា ករណីខាងលើបានកសាងសំណុំរឿងបញ្ជូនទៅផែននគរបាលព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីបន្ត៕