(ពោធិ៍សាត់)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក អមដំណើរដោយនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនបណ្តាអង្គភាពប្រចាំទិសទី៤ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងរដូវរងារ។

ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ជួសមុខឱ្យថ្នាក់ដឹកនាំកងពល និងទិសទី៤ នៃភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយជាអាវរងារ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក។ ក្នុងនាមមេបញ្ជាការសូមប្តេជ្ញាបន្តការគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧ រក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារលទ្ធិប្រជាធិបតេយ្យ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនឱ្យជនណាមករំលោភបំពានបានឡើយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មការពារជាតិ តាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។ លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ព និងក្រុមគ្រួសារ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា «សន្តិភាព» មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា ដូចនេះយើងដាច់ខាតប្តេជ្ញាត្រូវការពារថែរក្សាសន្តិភាព ឱ្យខាងតែបាន ពិសេសការពារបូរណភាពទឹកដី និងប្រជាជន។ កន្លងទៅបងប្អូនប្រជាពលរដ្ឋយើង បានយល់ច្បាស់ពីតម្លៃសន្តិភាព ដោយបានទទួលស្គាល់ និងផ្តល់យុត្តិធម៌ តាមរយៈការបោះឆ្នោតគាំទ្រ ដ៏ច្រើនលើសលប់ ជូនគណបក្សប្រជាជន ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏សូមឱ្យបងប្អូនកងទ័ព ត្រូវអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពលខេមរភូមិន្ទ និងទំនើបកម្មយោធា ឱ្យកាន់តែរីកចម្រើន រឹងមាំ បង្កើនកិត្យានុភាពលើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពកងទ័ព ទប់ស្កាត់បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែលអាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេសការចូលរួមគាំទ្ររបស់កងទ័ព ទៅលើកំណែទម្រង់ គឺផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និយាយជារួមនិងនិយាយដោយឡែក ចូលរួមជួយលើកស្ទួយដល់ជីវភាពរបស់កងទ័ពយើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏សូមសម្តែងការអរគុណ និងកោតសរសើរ ដល់បងប្អូនកងទព័របស់យើង ដែលតែងតែចូលរួមជាមួយកងកម្លាំងគ្រប់កងឯកភាព ក្នុងការងារជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់។ ជួសមុខឱ្យថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងគ្រប់កងឯកភាពទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងបានទំនុកបម្រុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងប្រដាប់អាវុធយើង ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់អាវរងារ។ ជាមួយគ្នានោះ យើងទាំងអស់គ្នា ក៏បានប្តេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងប្រជាជន គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគ្រប់អនុសាសន៍ ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ។

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូនបណ្តាអង្គភាពប្រចាំទិសទី៤ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រួមមានទីបញ្ជាការមុខកងទ័ពជើងគោក(ភ្នំហែម) ចំនួន៩, តំបន់អភិវឌ្ឍន៍កងទ័ពជើងគោក(ចិនយំ) ចំនួន៤៥, កងពលតូចអន្តរាគមន៍លេខ១៤ ចំនួន៦៥១, កងការពារព្រំដែនលេខ៥០១ ចំនួន២៤១, តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ចំនួន៤៥៧, កងរាជអាវុធហត្ថខេត្ត ចំនួន១៧៧ និងវរៈសេនាតូចនគរបាលលេខ៨២៥ ថ្មដាវាលវែង ចំនួន១៩៦៕