(តាកែវ)៖ ក្រោយទទួលបានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវលំចូលវត្តថ្មកែវ ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ឲ្យជួយជួសជុលផ្លូវលំមួយខ្សែប្រវែងជិត៣គីឡូម៉ែត្រ ដែលកំពុងជួបការ លំបាកខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ ក្រោយរដូវភ្លៀងធ្លាក់មានចង្ហុកធំៗ ទឹកដក់ ឥឡូវនេះ, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាឲ្យមន្ទីរជំនាញអភិវឌ្ឍន៍ជនបទខេត្ដតាកែវ ធ្វើការជួសជុលឡើងវិញ ដោយចាក់គ្រួសក្រហមជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ។

លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានឲ្យដឹងថា ក្រោយទទួលបានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរលើដងផ្លូវលំមួយខ្សែខាងលើ កំពុងមានសភាពលំបាក ក្រោយស្ថាន ភាពរដូវភ្លៀងធ្លាក់ បង្កឲ្យផ្លូវមានសភាពខូចខាត មានចង្ហុកធំៗ និងមានទឹកដក់ជាច្រើន ពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឥឡូវនេះត្រូវបានចាប់ផ្ដើមជួសជុល កែលម្អឡើងវិញហើយ បន្ទាប់ពីមានការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក លីវ សំណាង បន្តថា «ការជួសជុលផ្លូវមួយខ្សែនេះ យើងត្រូវឈូស និងកៀរយកដីជ្រំចេញពីផ្លូវ រួចចាក់ដីគ្រួសក្រហម ពីលើបន្ថែម ដើម្បីធានាឲ្យបានគុណភាពផ្លូវមានសភាពធនជាប់បានយូរ ហើយការជួសជុល ផ្លូវមួយខ្សែនេះ ដែរអាចប្រើប្រាស់ពេលវេលាមួយសប្ដាហ៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការយោគយល់ និងសម្រួលការធ្វើដំណើរទៅតាមផ្លូវវៀងនានាដែលទៅបាន»

តំណាងក្រុមប្រឹក្សាឃុំត្រាំកក់ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាផ្លូវលំមួយសំខាន់ ដែលតរភ្ជាប់ព្រំប្រទល់ពីស្រុកត្រាំកក់ ខេត្តតាកែវ ដល់ស្រុកអង្គរជ័យ ខេត្តកំពត ដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ ធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវនេះ ដឹកជញ្ជូនកសិផល ដំណាំបន្លែ មកទិញលក់ដូរនៅក្នុងផ្សារត្រាំកក់ផងដែរ៕