(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានពិនិត្យ ឃើញមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ រួមមាន ល្បែងបាការ៉ាត់ ស្លតម៉ាស៊ីន បក្សីកីឡា និងភ្នាល់បាល់ទាត់ជាដើម ក្រោមឈ្មោះ កាស៊ីណូអនឡាញ PK777។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការដំណើរការ ការលេង និងការចូលរួមក្នុងសកម្មភាព ល្បែងអនឡាញខាងលើនេះ គឺជាអំពើល្មើសច្បាប់ដែលប្រឈមនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ជាធរមាន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រព្រឹត្រ ឬលេងល្បែង ស៊ីសងខុសច្បាប់បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងប៉ះពាល់ដល់អាជីវកម្មកាស៊ីណូដែលមានអាជ្ញាបណ្ណស្របច្បាប់ផងដែរ។

ចំពោះករណីនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការយ៉ាងក្ដៅគគុកក្នុងការបង្រ្កាប កាស៊ីណូ អនឡាញ PK777 នេះជាបន្ទាន់។

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមកុំប្រព្រឹត្ត ឬលេង ឬចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់នេះ ដែលប្រឈម នឹងការដាក់ទោសទណ្ឌ ទៅតាមច្បាប់ជាធរមាន។

អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាប និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់៕