(ភ្នំពេញ)៖ ពិតជាថ្លើមធំ និងព្រហើនមែន ជនសង្ស័យម្នាក់ បានចូលទៅភ្ជង់ប្លន់យកទូរស័ព្ទ ចំនួន៧គ្រឿងពីអ្នកលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាវេលាម៉ោងជាង១រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានប្រាប់មុននេះថា «មុនពេលកើតហេតុ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងប្រដាប់ដោយសាក់កាដូមួយ បានទៅឈប់នៅមុខតូប លក់ទូរស័ព្ទ។ ពេលនោះជនសង្ស័យបានដើរចូលទៅហើយ បានទាញកាំភ្លើងខ្លីមួយដើម ទៅភ្ជង់ជនរងគ្រោះ រួចប្រមូលទូរស័ព្ទចំនួន៧គ្រឿង ប្រុងរត់គេចខ្លួន ប៉ុន្តែពេលរៀបឡើងម៉ូតូនោះស្រាប់តែ កម្លាំងនគរបាលល្បាតនៅក្បែរនោះ លឺសំឡេងជនរងគ្រោះស្រែក ក៏ចុះទៅជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូ ហើយកាន់កំាភ្លើងជាប់ដៃ ចូលទៅក្នុងផ្សារនាគមាសបាត់»។
លោក ហ៊ុន សុធី បានបន្តទៀតថា នៅពេលនេះកម្លាំង នគរបាលរបស់លោក កំពុងធ្វើការឡោមព័ទ្ធតាមចាប់ជនសង្ស័យរូបនេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ករណីប្លន់នេះបានកើតឡើងនៅហាងលក់ទូរស័ព្ទយីហោ «លឹម ហាវ ហាងលក់ទូរស័ព្ទដៃទំនើប» ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក៕