(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានប្រកាសជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងមិនបង្កើតប្រភេទពន្ធថ្មីដើម្បីដាក់បន្ទុកបន្ថែម ដល់ប្រជាពលរដ្ឋនោះទេ ហើយរាជរដ្ឋាភិបាលក៏មិនមាន ការដំឡើងអត្រាពន្ធ លើពន្ធដែលមានសម្រាប់នោះដែរ។

ការប្រកាសជាថ្មីនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅវិមានសន្តិភាព។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែង ចាត់ទុកការប្រមូលពន្ធ គឺជាការចាប់បាច់ ដើម្បីចំណែកគាំទ្រដល់កិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។

សម្តេចលើកឡើងថា ក្នុងទសវត្សចុងក្រោយនេះ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ចំណូលពន្ធនៅកម្ពុជា មានការកើនឡើងគួរឱ្យគត់សម្គាល់ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាព ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន អគារសាលារៀន និងមន្ទីរពេទ្យជាដើម នៅទូទាំងប្រទេស។

សម្តេចបន្តទៀតថា ចំណូលពន្ធក៏បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចកៀងគរទុនបម្រុងជាប្រាក់សន្សំសម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដូចជាការទិញវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជានៅទូទាំងប្រទេសដោយឥតគិតថ្លៃ ព្រមទាំងការផ្តល់នូវការគាំពារផ្សេងៗដល់ប្រជាពលរដ្ឋ រាប់សែនគ្រួសារ ដើម្បីរក្សាលំនឹងជីវភាព និងកាត់បន្ថយផលប៉ះពាល់ពីជំងឺតម្កាត់ដ៏កាចសាហាវ។

សម្តេចបានថ្លែងថា «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលនឹងមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ក៏មិនមានការដំឡើងអត្រានោះដែរ នេះគឺសូមបញ្ជាក់ឱ្យបានច្បាស់ឡើងវិញ»

សម្តេចបានបន្តថា កន្លងមករាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ បានសម្រេចលុបចោលជាបន្តបន្ទាប់នូវប្រភេទពន្ធមួយចំនួនដូចជា ពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធតែមប្រិ៍សារពើភណ្ឌ លើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុគោលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្ត ដែលមានកម្លាំងដល់១៥០សេស និងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន ហើយរាជរដ្ឋាភិបាលនៅបន្តលុបចោលនូវពន្ធនេះ។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា បន្ថែមលើពន្ធដែលត្រូវបានលុបចោលនេះ រាជរដ្ឋាភិបាលនឹងបន្តមិនពន្ធមួយចំនួនទៀត គឺទី១. ដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម, ពន្ធអចលនទ្រព្យតម្លៃទាបជាង ១០០លានរៀល, ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលើអចលទ្រព្យ ពីឪពុកម្ដាយមកកូន យាយតាមកចៅ ប្រពន្ធនិងប្ដី សម្រាប់ឱ្យអំណោយតែមួយលើក និងមរតក, អាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារ ជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋរហូតដល់ចុងឆ្នាំ២០២៨, និងពន្ធលើបៀវត្សអប្បបរិមា របស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរិមា របស់កម្មករនិយោជិត។ ពន្ធទាំងនេះ គឺពន្ធដែលត្រូវបានលើកលែង កាលពីអាណត្តិមុនៗ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏នៅតែបន្តអនុវត្ត៕