(កំពង់ស្ពឺ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានណែនាំទៅក្រសួង ស្ថាប័នទាំងអស់កុំស្ទាក់ស្ទើរផ្ទេរសិទ្ធិអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
នៅព្រឹកថ្ងៃនេះ សម្តេចក្រឡាហោម បានអញ្ជើញធ្វើដំណើរទៅកាន់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីដំណើរ ការកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកត្តាសំខាន់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការព្រោះថា បើគ្មានការផ្ទេរមុខងារ និងសិទ្ធិអំណាចជាក់លាក់ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទេ នោះយើងពុំចាំបាច់រៀបចំ និងអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនោះឡើយ»។
សម្តេចក្រឡាហោម បានបង្ហាញគោលជំហររបស់រាជរដ្ឋាភិបាល ចំពោះកំណែទម្រង់រដ្ឋបាល នៅថ្នាក់ក្រោមជាតិសំខាន់ៗដូចខាងក្រោម៖ រាជរដ្ឋាភិបាលនឹងផ្ទេរមុនងារសំខាន់ៗមកថ្នាក់ក្រោមជាតិ ឲ្យកាន់តែច្រើនពិសេសថ្នាក់ខេត្ត ក្រុង ស្រុក ដូចការងារអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បរិស្ថាន អភិវឌ្ឍន៍ជនបទ សាធារណការ ...។ល។ ក្នុងការផ្ទេរនោះត្រូវពិនិត្យមើលពីលទ្ធផល និងទំហំការងារដែលអនុវត្តបាន ដើម្បីក្រសួងក៏ដូចជារាជរដ្ឋាភិបាលមានលទ្ធភាព និងរកចំណុចខ្លាំងខ្សោយបន្តបន្ទាប់។ សម្ដេចបន្ថែមថា «ការផ្ទេរធនធានទាំងសិទ្ធិអំណាចខាងការសម្រេចចិត្តធនធានមនុស្ស និងធនធានថវិកា ក៏កាន់តែច្រើនជាងមុន ដល់ថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសការបង្ខិតការផ្តល់សេវាឲ្យខិតជិតប្រជាពលរដ្ឋ»។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏សូមឲ្យពិនិត្យមើលការដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលដែលខិតខំបំពេញការងារជាពិសេសមន្ត្រីនគរបាលនៅអធិការដ្ឋាន និងនគរបាលប៉ុស្តិ៍ ឲ្យសមទំហំការងារក្នុងដែនសមត្ថកិច្ច។ ការពិនិត្យមើលលទ្ធភាព និងសម្ភារនានាសម្រាប់គាំទ្រ សម្រាប់ ការអនុវត្តការងារដល់មន្ត្រីនគរបាលនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ឲ្យបានកាន់តែច្រើន។ ពង្រឹងការអនុវត្តគោលនយោភូមិ-ឃុំ មានសុវត្ថិភាពឲ្យកាន់តែល្អប្រសើរដើម្បីសន្តិសុខប្រជាពលរដ្ឋនៅមូលដ្ឋាន។ រដ្ឋបាលថ្នាក់ក្រោមជាតិ រាប់ទាំងខេត្ត ក្រុង ស្រុក ត្រូវពិនិត្យមើលលទ្ធភាព និងកៀងគរធនធាននានា សម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន មានការធ្វើផ្លូវ ស្រះទឹក និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានឲ្យកាន់តែប្រសើរ។ លោកបានសំណូមឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាពេល ខាងមុខ។ សូមពន្លឿនការងារទាក់ទងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា។
ជាចុងក្រោយ សម្តេចក្រឡាហោម ស ខេង បានទទួលយកសំណូមពរនានាដែលលើកឡើងដោយអាជ្ញាធរស្រុកគងពិសី សម្រាប់ការពិចារណាជាបន្តបន្ទាប់ដូចជាការបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅសាលាស្រុកគងពិសីជាដើម៕