(ភ្នំពេញ)៖ SCG ចែករំលែកក្តីសុបិន ជាកម្មវិធីអាហារូបករណ៍មួយ របស់ក្រុមហ៊ុន SCG ដែលបាននឹងកំពុងអនុវត្តនៅតាមវិទ្យាល័យជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តកំពត ។ សិស្សានុសិស្សថ្នាក់ទី១០ ទី១១ និងទី១២ នៅវិទ្យាល័យទាំងនោះ អាចមានឱកាសឈ្នះទឹកប្រាក់រង្វាន់អារូបករណ៍ និងសម្ភារៈសិក្សាមួយចំនួនធំ ដោយប្រលងសមត្ថភាពសំណេរ និងការបង្ហាញឆន្ទៈមោះមុតក្នុងការសិក្សា ។
ស៊ីម រចនា ជាសិស្សរៀនថ្នាក់ទី១២ ម្នាក់ គាត់ ជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនរយនាក់ទៀត ដែលបានជាប់ការប្រលងសំណេរ ក្នុងកម្មវិធីអាហារូបករណ៍ SCG ចែករំលែកក្តីសុបិន ហើយក្រុមការងារកម្មវិធីបានចុះទៅជួបគាត់ផ្ទាល់ ដើម្បីសម្ភាសន៍ និងស្វែងយល់បន្ថែមអំពីគាត់ ។
ស៊ីម រចនា លើកឡើងថា គាត់នឹងខំប្រឹងប្រែងកាន់តែខ្លាំងក្នុងឆ្នាំនេះ ដោយធ្វើការប្រលងសំណេរឲ្យបានល្អ ហើយបើគាត់ឈ្នះរង្វាន់អាហារូបករណ៍ គាត់នឹងយកប្រាក់រង្វាន់មួយចំនួនជូនដល់ឪពុក-ម្តាយគាត់ ចំណែកសម្ភារៈសិក្សា គាត់នឹងប្រើប្រាស់សម្រាប់ការប្រលងថ្នាក់ទី១២ និងរៀននៅមហាវិទ្យាល័យ ។
ចំណែកនៅឯខេត្តកំពតវិញ ប្អូនប្រុស ណុប គឹមឡេង ជាសិស្សវិទ្យាល័យម្នាក់ទៀត ក៏ត្រូវបានក្រុមការងារចុះ ទៅសាកសួរសំណេះសំណាលដូចគ្នា ព្រោះកម្មវិធីនេះ ត្រូវបានអនុវត្តនៅក្នុងរាជធានីភ្នំពេញផង និងខេត្តកំពតផង ។
គឹមឡេង បានពន្យល់ថា ប្រធានបទការប្រលងសំណេរ គឺ «ខ្ញុំជាមនុស្សល្អ ហើយខ្ញុំល្អចំពោះមនុស្សគ្រប់គ្នា» ហើយការធ្វើជាមនុស្សល្អ មានន័យថា គាត់ត្រូវធ្វើជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ។ បច្ចុប្បន្ន ការលំបាករបស់គាត់ គឺការធ្វើដំណើរទៅរៀននៅសាលាឆ្ងាយ ដោយមានតែកង់ចាស់មួយប៉ុណ្ណោះ ហើយគាត់និយាយថា ទឹកប្រាក់រង្វាន់ពីអាហារូបករណ៍នេះ នឹងជួយគាត់បានច្រើន ក្នុងការសិក្សា និងជីវភាពរបស់គាត់ ។
សកម្មភាពទាំងអស់នេះ ជាដំណើរការនៃការស្វែងយល់ដោយផ្ទាល់ អំពីសិស្សានុសិស្សដែលបានជាប់ការប្រលងសំណេរ ដែលគាត់បានតែងអំពីប្រធានបទការសិក្សា និងការរស់នៅរបស់គាត់ ក្នុងនាមជាកូនល្អ សិស្សល្អមួយរូប ។ ជាពិសេស ការអនុវត្តបែបនេះ ធានាថា រង្វាន់អាហារូបករណ៍នេះត្រូវបានប្រគល់ទៅឲ្យសិស្សានុសិស្ស ដែលពិតសក្តិសមនឹងទទួលវាពិតមែន ។
កម្មវិធី «SCG ចែករំលែកក្តីសុបិន» ត្រូវបានអនុវត្តនៅកម្ពុជា បីឆ្នាំជាប់គ្នាមកហើយ រាប់គិតទាំងឆ្នាំនេះ ។ សិស្សានុសិស្សជ័យលាភីទាំងអស់ ត្រូវបានជ្រើសរើសដោយគោលការណ៍វាយតម្លៃឥតលម្អៀង ផ្អែកលើលទ្ធផលការសិក្សា និងការប្រលងសំណេរ ហើយបេក្ខជន ជាសិស្សល្អ កូនល្អ ដែលចេះដឹងគុណចំពោះឪពុកម្តាយ និងចាស់ព្រឹទ្ធាចារ្យ ក៏ដូចជាចេះជួយយកអាសារអ្នកដ៏ទៃ និងមានឆន្ទៈមោះមុតក្នុងការសិក្សា និងចង់បន្តការសិក្សា ។
ក្រុមហ៊ុន SCG បានបង្កើតកម្មវិធីនេះ បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា និងការលើកទឹកចិត្តឲ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យជាច្រើន ខិតខំប្រឹងសិក្សារៀនសូត្រ ធ្វើខ្លួនជាកូនល្អ សិស្សល្អ និងចេះជួយយកអាសារអ្នកផងទាំងពួង ។ ក្រុមហ៊ុន បានបង្កើតទំព័រហ្វេសប៊ុកផ្លូវការមួយ សម្រាប់អ្នកគាំទ្រកម្មវិធីនេះ ចែករំលែក និងស្វែងយល់បន្ថែមអំពីកម្មវិធី ក៏ដូចជាវេទិកាមួយសម្រាប់លើកកម្ពស់គំនិតច្នៃប្រឌិត និងចំណេះដឹងសម្រាប់ជាប្រយោជន៍ដល់ខ្លួន ។
គួរបញ្ជាក់ថា ពិធីប្រគល់រង្វាន់អាហារូបករណ៍ SCG ចែករំលែកក្តីសុបិន នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៅថ្ងៃទី ៣០ សីហា នេះហើយ ៕