(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍរដ្ឋបាលសាធារណៈ និងការគាំទ្រការអនុវត្តឱ្យសម្រេចបាននូវក្របខណ្ឌគោលនយោបាយទាំងឡាយរបស់រាជរដ្ឋាភិបាល ទាមទារឱ្យមានការចូលរួមគិត ចូលរួមរៀបចំ ចូលរួមអនុវត្ត និងចូលរួមទទួលខុសត្រូវទាំងអស់គ្នាគ្រប់កម្រិត គ្រប់ផ្នែក គ្រប់វិស័យពាក់ព័ន្ធទាំងអស់ ពិសេសថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់គ្រងដែលត្រូវមានកិច្ចសហប្រតិបត្តិការ ជាអន្តរស្ថាប័ន និងប្រទាក់ក្រឡាគ្នាលើគ្រប់ទិដ្ឋភាព។

លោក យក់ ប៊ុនណា បន្ថែមទៀតថា ការកសាងពលរដ្ឋឌីជីថលផ្តោតលើភាពជាអ្នកដឹកនាំឌីជីថល ព្រមទាំងការកសាងរដ្ឋាភិបាលឌីជីថល និងសេវាសាធារណៈឌីជីថល ជាកត្តាគន្លឹះជំរុញការអនុវត្តឌីជីថល និងអភិបាលកិច្ចផ្អែកលើទិន្នន័យនៅក្នុងវិស័យសាធារណៈផងដែរ។

លោក យក់ ប៊ុនណា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសតំណាងលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍រដ្ឋាភិបាលឌីជីថល នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីលោក ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានលោក លោកស្រី ជាតំណាងមកពីក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ និងមន្ត្រីសាលាភូមិន្ទរដ្ឋបាល និងលោក លោកស្រី ជាកម្មសិក្សាការីជាន់ខ្ពស់ សាលាភូមិន្ទរដ្ឋបាល ជាច្រើនរូប។

គួរបញ្ជាក់ថា សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍រដ្ឋាភិបាលឌីជីថល រៀបចំឡើងក្រោមកិច្ចសហការរវាងសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី តាមរយៈគម្រោង «កម្មវិធីរដ្ឋាភិបាលឌីជីថល» សម្រាប់មុខងារសាធារណៈកម្ពុជា ដោយមានការគាំទ្រពីក្រសួងមុខងារសាធារណៈកម្ពុជា និងមូលនិធិតិម៉ាសិអន្តរជាតិ។

លោក យក់ ប៊ុនណា ក៏បានបញ្ជាក់ដែរថា សិក្ខាសាលានៅពេលនេះ ត្រូវបានរៀបចំឡើងផ្តោតលើគោលដៅសំខាន់២ មានដូចជាទី១៖ គឺការចែករំលែកទស្សនវិស័យស្តីពី រដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល និងទី២៖ ការចែករំលែកនូវបទពិសោធន៍ស្តីពីការកែទម្រង់លើការផ្តល់សេវាសាធារណៈ ក្នុងបរិបទថ្មីគឺឌីជីថល។ ប្រធានបទទាំងពីរខាងលើនេះ មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងតួនាទីដឹកនាំនិងគ្រប់គ្រងអង្គភាពក្នុងវិស័យសាធារណៈទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណបានផ្ដោតលើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលក៏បានកំណត់នូវបេសកកម្ម ជាយុទ្ធសាស្ត្រពីរគឺ៖ ថែរក្សានិងបំប៉នសុខសន្តិភាព និងការកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ជម្រុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងបញ្ចកោណទី៥ ការកសាង រដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គឺជាអាទិភាព២ ក្នុងចំណោមកិច្ចការអាទិភាពទាំងប្រាំ ដែលជាការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោក យក់ ប៊ុនណា បានបញ្ជាក់ទៀតថា ផ្អែកលើក្របខណ្ឌគោលនយោបាយនៅក្នុងរយៈពេល១៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០៣៥ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងសម្រេចឱ្យបាននូវចក្ខុវិស័យជាច្រើនដោយអនុលោមគោលការណ៍ចម្បងចំនួនបីគឺ ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានកំណត់សសរស្តម្ភចំនួនបីនៃក្របខណ្ឌគោលនយោបាយ ដោយផ្តោតជាសំខាន់លើ៖ (១) ការកសាងពលរដ្ឋឌីជីថល (២) ការកសាងរដ្ឋាភិបាលឌីជីថល និង(៣) ការជំរុញធុរកិច្ចឌីជីថលផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងសិក្ខាសាលានេះដែរលោក ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក តាំង ងួន លី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារនៃកម្មវិធីរដ្ឋាភិបាល ឌីជីថល ក៏បានចែករំលែកចំណេះដឹងនិងបទពិសោធន៍ស្តីពីរដ្ឋាភិបាលឌីជីថលជូនដល់អង្គពិធីផងដែរ៕