(ភ្នំពេញ)៖ គណៈប្រតិភូសមាគមត្រកូលលឹមកម្ពុជា បានចូលរួមមហាសន្និបាតត្រកូលលឹមពិភពលោក លើកទី១៨ នៅប្រទេសម៉ាឡេស៉ី ដែលធ្វើឡើងនាថ្ងៃទី១១ និងទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរំពឹងថានឹងទាក់ទាញវិនិយោគិន ពាណិជ្ជករ ទេសចរ ធុរជនអន្តរជាតិមកបណ្ដាក់ទុនវិនិយោគ និងមកទស្សនានៅប្រទេសកម្ពុជាបន្ថែម។

មហាសន្និបាតត្រកូលលឹមពិភពលោក លើកទី១៨ នៅប្រទេសម៉ាឡេស៉ី រយៈពេល២ថ្ងៃនេះ មានអ្នកចូលរួមរាប់ពាន់នាក់មកពីប្រមាណជាង៥០ប្រទេស រួមទាំងតំណាងការិយាល័យត្រកូលលីមប្រចាំប្រទេសចិនប្រមាណ១៦ទៀត។

គួរជម្រាបថា គណៈប្រតិភូសមាគមត្រកូលលឹមកម្ពុជាដែលទៅចូលរួមមហាសន្និបាតនេះដែរមានសមាសភាពសរុបប្រមាណ៤០រូប ដោយចេញដំណើរជា២ក្រុម គឺមួយក្រុមដឹកនាំដោយលោក លឹម ស៊ីណាត ប្រធានយុវជននៃសមាគមត្រកូលលឹមកម្ពុជា ដែលចេញដំណើរមុននៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា និងមួយក្រុមទៀតដឹកនាំដោយលោក លឹម បូរ៉េត ប្រធានសមាគមត្រកូលលឹមកម្ពុជា ដែលចេញដំណើរតាមក្រោយនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា។ ការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៉ីនេះដែរ ត្រូវបានរៀបចំដោយក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល ហូលីដេ ត្រាវែល ដែលជាក្រុមហ៊ុនទេសចរណ៍នាំភ្ញៀវទេសចរទៅទស្សនាប្រទេសនានាជុំវិញពិភពលោក។

ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារ Fresh News លោក លឹម ស៊ីណាត ប្រធានយុវជននៃសមាគមត្រកូលលឹមកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទៅចូលរួមក្នុងមហាសន្និបាតត្រកូលលឹមពិភពលោកនេះ សមាគមត្រកូលលឹមកម្ពុជានឹងខិតខំទាក់ទាញវិនិយោគិន ពាណិជ្ជករ ទេសចរ ធុរជនអន្តរជាតិមកបណ្ដាក់ទុនវិនិយោគ និងមកទស្សនានៅប្រទេសកម្ពុជាបន្ថែម។

លោក លឹម ស៊ីណាត បានបន្តថា ក្រុមយុវជនដែលសុទ្ធតែជាកូនចៅត្រកូលលឹមកម្ពុជា នឹងជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មត្រកូលលឹមនៅម៉ាឡេស៉ី ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ធុរកិច្ច ធ្វើយ៉ាងណាទាក់ទាញបណ្ដាធុរជនអន្តរជាតិឱ្យមកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ ក្រៅពីនេះ នឹងជួបពិភាក្សាជាមួយសមាគមត្រកូលលឹមនៅប្រទេសជប៉ុន នៅកោះតៃវ៉ាន់ នៅក្រុងហុងកុង នៅប្រទេសថៃ និងបណ្ដាប្រទេសផ្សេងទៀត។

លោកបញ្ជាក់យ៉ាងដូច្នេះថា «សមាគមត្រកូលលឹមកម្ពុជា នឹងពាំនាំអ្វីដែលជាឱកាសវិនិយោគ ធុរកិច្ចនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់ដៃគូសន្ទនាអន្តរជាតិនានាក្នុងឱកាសមហាសន្និបាតនោះ ដើម្បីទាក់ទាញវិនិយោគិន ពាណិជ្ជករ ធុរជនអន្តរជាតិទាំងនោះឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្តបន្ទាប់នាពេលខាងមុខ។ អ្វីដែលសំខាន់ គឺកម្ពុជាបច្ចុប្បន្នមានច្បាប់វិនិយោគថ្មី មានគោលនយោបាយលើកទឹកចិត្តវិនិយោគិនបរទេស ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិនបរទេសនានាឱ្យទទួលបានឱកាសវិនិយោគ ធ្វើពាណិជ្ជកម្មបានយ៉ាងងាយស្រួល បូករួមទាំងកត្តាសុខសន្តិភាព ស្ថិរភាព»

ជាមួយនឹងការរំពឹងទុកនេះ លោក លឹម ស៊ីណាត បានបញ្ជាក់ដែរថា យុវជន ព្រឹទ្ធាចារ្យដែលទៅចូលរួមក្នុងមហាសន្និបាតនេះ គឺសុទ្ធតែអ្នកមានមុខជំនួញ និងតួនាទីការងារសំខាន់ៗ ពោលគឺមកពីគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អចលនទ្រព្យ ដែលពោរពេញដោយបទពិសោធន៍ និងអាចប្រើប្រាស់ភាសាបរទេសបានលើសពី៣-៤ភាសាទៀតផង។

បើតាមប្រធានយុវជនរូបនេះ សមាគមត្រកូលលឹមកម្ពុជា កាលពីឆ្នាំ២០១០ ធ្លាប់បានទទួលរៀបចំមហាសន្និបាតត្រកូលលីមពិភពលោករួចមកហើយ ហើយសម្រាប់សន្និបាតនៅឆ្នាំ២០២៣នេះ គណៈប្រតិភូត្រកូលលឹមកម្ពុជានឹងព្យាយាមចរចាទាក់ទាញអង្គសន្និបាត ឱ្យគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតលើកទី១៩ ឆ្នាំ២០២៤ខាងមុខ។

លោក លឹម ស៉ីណាត បានចាត់ទុកការអញ្ជើញសមាគមត្រកូលលឹមកម្ពុជាទៅចូលរួមក្នុងមហាសន្និបាតនេះ គឺជាមុខមាត់ដ៏ធំមួយសម្រាប់ប្រជាជាតិកម្ពុជាផងដែរ ដោយគេស្គាល់ថា «កម្ពុជាតូចមែន តែមានទឹកចិត្តធំទូលា»

លោក លីម បូរ៉េត ប្រធានសមាគមត្រកូលលឹមកម្ពុជា ក្នុងឱកាសផ្ដល់បទសម្ភាសជាមួយភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា មុនចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឱ្យដឹងថា មហាសន្និបាតត្រកូលលឹមពិភពលោក លើកទី១៨ នៅប្រទេសម៉ាឡេស៉ី រយៈពេល២ថ្ងៃនេះ នឹងមានសមាគមត្រកូលលឹមមកពីប្រទេសជាច្រើន ដែលនឹងផ្ដល់ឱកាសសម្រាប់សមាគមត្រកូលលឹមកម្ពុជា អាចចរចាទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ពិសេសគឺចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

លោកប្រធាន លីម បូរ៉េត បានមើលឃើញពីកិច្ចខិតខំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទាក់ទាញកៀរគរអ្នកវិនិយោគពីក្រៅប្រទេស ទាក់ទាញការទិញផលិតផលពីកម្ពុជា ទាក់ទាញទេសចរបរទេសឱ្យមកទស្សនាកម្ពុជាជាដើម ដូច្នេះសមាគមត្រកូលលឹមកម្ពុជានឹងចូលរួមក្នុងកិច្ចការនេះជាមួយរាជរដ្ឋាភិបាលឱ្យអស់ពីលទ្ធភាព។

ប្រធានសមាគមត្រកូលលឹមកម្ពុជា និងប្រតិភូដែលចូលរួមជាមួយគ្នានោះ បានប្ដេជ្ញាជួយផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជា បរិយាកាសដែលរាជរដ្ឋាភិបាលលើកស្ទួយអ្នកវិនិយោគបរទេស ក៏ដូចជាកត្តាសន្តិភាព ការអភិវឌ្ឍ ដែលអំណោយផលចំពោះការវិនិយោគរបស់បណ្ដាវិនិយោគិន និងការទស្សនារបស់អ្នកទេសចរមកពីបរទេស។

ជាលទ្ធផលនៃជំនួបដៃគូនានាក្នុងឱកាសមហាសន្និបាតនោះ ក្រុមយុវជននៃសមាគមត្រកូលលឹមកម្ពុជាបានបញ្ជាក់មកថា សមាគមយុវជនត្រកូលលឹមពិភពលោកបានសម្រេចថា នឹងរៀបចំខួបលើកទី៥ នៃការបង្កើតក្រុមយុវជនគ្រួសារត្រកូលលឹមពិភពលោក នៅប្រទេសកម្ពុជា នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ នៅដើមឆ្នាំ២០២៤នោះដែរ នឹងមានដំណើរទស្សនកិច្ចរបស់ក្រុមយុវជនត្រកូលលឹមពិភពលោកមកកាន់ប្រទេសកម្ពុជា ដែលសុទ្ធតែជាម្ចាស់អាជីវកម្ម វិនិយោគិន

ក្រុមយុវជនត្រកូលលឹមកម្ពុជា ក៏បានជួបពិភាក្សាជាមួយក្រុមយុវជនត្រកូលលឹមនៅម៉ាឡេស៉ី នៅតាមខេត្តមួយចំនួននៃប្រទេសចិន នៅជប៉ុន នៅកោះតៃវ៉ាន់ នៅក្រុងហុងកុង នៅថៃ ​នៅហ្វីលីពីន នៅមីយ៉ាន់ម៉ា នៅឥណ្ឌូណេស៉ី និងបណ្ដាប្រទេសផ្សេងទៀត។

សូមបញ្ជាក់ដែរថា សមាគមត្រកូលលឹមកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២ ក្នុងនោះមានសមាជិកអចិន្ត្រៃយ៍ប្រមាណ៥០នាក់ ខណៈសមាជិកទូទៅរាប់ពាន់នាក់ទៀតដែរ។ សកម្មភាពរបស់សមាគមត្រកូលលីមកម្ពុជា គឺសម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជាលើវិស័យពាណិជ្ជកម្មដែលមានសមាជិកសមាគមសុទ្ធតែជាម្ចាស់អាជីវកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស។ ចំពោះផ្នែកមនុស្សធម៌ ក៏សមាគមត្រកូលលីមកម្ពុជាបានធ្វើយ៉ាងច្រើនមកដែរ ដើម្បីជួយដល់យោធិនពិការ សិស្សានុសិស្ស ជនចាស់ជរា កុមារកំព្រា ជនមានពិការភាពជាដើម ដែលសកម្មភាពទាំងអស់នេះ គឺកើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាគមត្រកូលលីមនៅក្រៅប្រទេសផងដែរ៕