(ស្ទឹងត្រែង)៖ លោកសន្តិបណ្ឌិត ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តជោតិញ្ញារាម ហៅវត្តគីឡូ៨ ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នៅរសៀលថ្ងៃទី១២ខែ វិច្ចិកា ឆ្នាំ២០២៣ បានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យវេប្រគេនចំនួន១៤៦,៦០០,០០០រៀល ព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តជោតិញ្ញារាម តាមប្រពៃណីព្រះពុទ្ធសាសនា។

លោកសន្តិបណ្ឌិត ឡូយ សុផាត បានលើកឡើងថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន។

លោកអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពអោយបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋានអោយបានល្អប្រសើរ។

គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃ១៥
កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនចំណុះជើងវត្តដែរ៕