(បាត់ដំបង)៖ ក្រោយពីទទួលបានព័ត៌មានពីបណ្តាញសង្គម ដែលឃើញមានកុមារីម្នាក់យកសំបកការុងស្ពាយធ្វើជាកាបូបទៅសាលារៀន នៅមូលដ្ឋានស្រុកសង្កែ ខេត្តបត់ដំបង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានក្ដីអាណិតអាសូរពន់ពេកចំពោះនាង ក៏បានចាត់ឱ្យលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារកុមារីរូបនោះ។

កុមារីខាងលើនោះមានឪពុកឈ្មោះ ចក់ អ៉ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះ ហោ ណារ៉ា អាយុ៣៦ឆ្នាំ។ នាងជាកូនទី២ក្នុងចំណោមបងប្អូនទាំង៣ រស់នៅនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបត់ដំបង។

លោក សុខ លូ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារកុមារីរូបនោះ។

លោកបានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានមួយនេះមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានក្តីអាណិតអាសូរជាពន់ពេក ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលើកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែងរៀនសូត្រតទៅមុខទៀត ដើម្បីជីវភាពគ្រួសារ និងអនាគត»។

លោក សុខ លូ ក៏បានថ្លែងកោតសរសើរចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សា ទោះបីជាយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា និងត្រូវចេះស្ដាប់បង្គាប់ឪពុកម្ដាយ អ្នកគ្រូលោកគ្រូ និងត្រូវខិតខំរៀនសូត្រឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អសម្រាប់ពេលអនាគត ក្លាយជាទំពាំងស្នងឫស្សី សម្រាប់បន្តវេណមនុស្សជំនាន់ក្រោយៗ ទៀតដើម្បីជាមូលដ្ឋានដោះស្រាយទុក្ខលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ជាកិច្ចឆ្លើយតប ក្រុមគ្រួសារខាងលើបានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខ មានដូចជាអង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា សម្ភារសិក្សា កង់ទៅសាលា និងថវិកាមួយចំនួនផងដែរ៕