(ភ្នំពេញ)៖ ករណីអគ្គិភ័យបានលេបត្របាក់អស់ក្លឹបកម្សាន្ត Play 99 អស់ទាំងស្រុង បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅតាមផ្លូវចៃកា ភូមិ១៥ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅតាមបណ្តាលគោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១៨០ឡាន ស្មើនឹង៧២០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើនឹង២០ម៉ែត្រគូប, រថយន្តផ្សារទំនើប អូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប, រថយន្តទីក្រុងនរាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តសួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប និងរថយន្តបុរីប៉េងហួត ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០៣ឡាន ស្មេីរនឹង១៨ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (១៥ម៉ែត្រ គុណ ២០ម៉ែត្រ) បានបណ្តាលឲ្យឆេះក្លឹបកំសាន្ត និងសម្ភារៈអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ២និង៣០នាទីយប់ទាបភ្លឺថ្ងៃទី១២ ខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕