(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៣ បានបកស្រាយរឿងបុគ្គលម្នាក់ ដែលបានស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធ ចេញវីដេអូច្រៀងចម្រៀងបង្ហោះ នៅលើបណ្ដាញសង្គម បង្កឱ្យមានការយល់ច្រឡំពីសាធារណជន។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានឱ្យដឹងថា បុគ្គលនេះមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថទេ ដោយអាណាព្យាបាលបានបញ្ជាក់មកថា កូនប្រុសរបស់ខ្លួនគ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់អ្វីឡើយ និងស្នើសុំការអភ័យទោសចំពោះទង្វើល្មើសនេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានថ្លែងថា «ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្តាយរបស់បុគ្គលនេះបានទូរស័ព្ទមកសុំទោស និងប្រាប់ខ្ញុំបាទថា កូនរបស់គាត់ស្រឡាញ់ការងារកងរាជអាវុធហត្ថខ្លាំងពេក ប៉ុន្តែគាត់គ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់ទេ។ គាត់សុំពេលវេលាពីខ្ញុំបាទ ដើម្បីនាំកូនរបស់គាត់មកសុំទោសផ្ទាល់»

លោកអ្នកនាំពាក្យបានបន្តថា យោងមាត្រា៦១៦ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀន។ អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់យានយន្ដនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្ដនគរបាល ឬយោធា ដែលនាំឱ្យមានការភន្តច្រឡំក្នុងស្មារតីនៃសាធារណជន។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ជូនថា ដោយអនុវត្តតាមមតិដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមត្ថកិច្ចមូលដ្ឋានបានហៅបុគ្គលខាងលើមកអប់រំបុគ្គល និងឱ្យលុបចោលនូវការបង្ហោះនោះវិញ ដើម្បីជៀសវាងការយល់ច្រឡំតទៅទៀត៕