(កំពង់ធំ)៖​ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បាននាំយកស្រូវពូជចំនួន​ ៣,២០០គីឡូក្រាម ជាជំនួយរបស់រាជរដ្ឋាភិបាល ចុះចែកជូនប្រកសិករចំនួន ៣២គ្រួសារ​ ដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ ដើម្បីស្ដារឡើងវិញ ក្នុងឃុំពង្រ និងឃុំស្រឡៅ ក្នុងស្រុកតាំងគោក។

ការប្រគល់ពូជស្រូវនេះ ធ្វើឡើងនៅបរិវេណវត្តគុហនគរ ស្ថិតនៅឃុំពង្រ ស្រុកតាំងគោក ដោយមានការចូលរួមពីសំណាក់ អភិបាលរងស្រុក គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកតាំងគោក កងកំលាំងប្រដាប់អាវុធទាំង៣ ប្រធាន/អនុប្រធានការិយាល័យជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឪកាសនោះលោក ហាក់ ម៉ុងហួត ក៏បានមានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការផ្ដល់ពូជស្រូវជូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវរបស់កសិករ។

លោកបន្តថា ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ជាមួយគ្នានោះ លោក ហាក់ ម៉ុងហួត បានណែនាំដល់លោកការិយាល័យកសិកម្មស្រុក ក៏ដូចជាមន្ត្រីជំនាញរបស់ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ជៀសវាងការខូចខាតជាថ្មីទៀត។

បើតាមរបាយការណ៍របស់មន្រ្តីជំនាញដោយសារស្ថានភាពទឹកជំនន់ ប្រជាកសិករមួយចំនួនបានទទួលរងផលប៉ះពាល់ បណ្ដាលឲ្យខូចខាតដំណាំស្រូវក្នុងឃុំចំនួន២ ក្នុងនោះឃុំពង្រ និងឃុំស្រឡៅ ស្មើ៥ភូមិ មាន៣២គ្រួសារ លើផ្ទៃដី៦៣ហិកតា​ ហើយផ្ទៃដីខូចខាតខាងលើនេះសុទ្ធតែអាចស្ដារឡើងវិញបាន៕