(ភ្នំពេញ)៖ រូបភាពកំពូល​តារាសម្តែង​ល្បីៗរបស់ខ្មែរ មានដូចជា កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា, លោក សន កាយ៉ាឌី, លោក អេវីន ,លោក ហេ​ង នរៈកក្កដា, កញ្ញា ឡាយ សម្ផស្ស ,កញ្ញា ចេ​ស៊ីកា ,លោក អ៊ុន សុទ្ធា ,កញ្ញា មឿន ផាណែត, កញ្ញា គៀត សុវណ្ណាឡាង ,លោក ទេព រិនដារ៉ូ ,អ្នកស្រី ប៉ែន សុផានី និងតារាសម្តែងល្បីៗជាច្រើនរូបទៀត ត្រូវ​បានបិទ​បង្ហាញ​លើរថយ​ន្ត​ ដើម្បី​ផ្សព្វផ្សាយ ពីខ្សែ​ភាព​យ​ន្តភាគខ្មែរ​ថ្មី​​​​របស់​ទូរទស្សន៍ PNN។ ក្នុងនោះ​​​មានដូចជារឿង​ «ម្ទេសហឺរ ប៉ះអំបិលប្រៃ ,រឿងសង្គ្រា​មបេះដូង» និង រឿង«ភក្តីស្នេហ៍ទ្វេភព» ជាដើម​។

ជាមួយគ្នានៃការបើកយុទ្ធនា​ការ​ ផ្សព្វ​ផ្សា​យ​​ភាពយន្តភាគថ្មីនៅ PNN នេះដែរ អ្នក​បើកបរនិង​អ្នក​ធ្វើដំណើរ​​​​ក្នុងរាជធានី​ភ្នំពេញ នឹង​បា​នទស្សនា​​រូបភាព​​​តារាភាពយន្ត​​កម្ពុជា​​ល្បីៗ​ មួយ​ចំនួន​នៅតាមដង​ផ្លូវ នៅ​ក្នុង​យុទ្ធនាការផ្សព្វផ្សាយ​ ចល័តរបស់​ទូរទស្សន៍ PNN។​ ចំណែករថយន្តផ្សព្វ​ផ្សា​យ​ខ្សែ​​ភាពយន្ត​​នេះ នឹង​ធ្វើ​ដំណើរ​ជុំវិញ​រាជធានីភ្នំពេញ​ ដែលជាផ្នែក​មួយ​នៃ​យុទ្ធនាការទីផ្សារ ហើយ​ក្នុង​នោះ​ក៏​មានការផ្សព្វផ្សាយ​នៅ​​លើ​ទំព័រកាសែត សារព័ត៌មានអនឡាញ បណ្តាញ​សង្គ​ម ផ្ទាំង LED និង​​ផ្ទាំង​ប៉ាណូ​ផង​ដែរ​។​

ដោយឡែក សម្រាប់ខ្សែភាពយន្តភាគខ្មែរពីររឿងដំបូងគឺរឿង «ម្ទេសហឺរ ប៉ះអំបិលប្រៃ» និងរឿ​ង «សង្គ្រាមបេះដូង» នឹងត្រូវចាប់ផ្តើមចាក់ផ្សាយ ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ​ហើយ នៅរៀងរាល់ថ្ងៃ ច័ន្ទ ដល់សៅរ៍ ចាប់ពីវេលាម៉ោង៨យប់តទៅ។ រឿង«ម្ទេសហឺរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេនាស្នេហា រវាងប្តីប្រពន្ធវ័យក្មេងមួយគូ រស់នៅជាមួយនឹង ម្តាយក្មេ​កដែលពិបាកយល់ចិត្ត ស្គាល់តែកំហុសរបស់​កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំ​ទៅដល់ម្តាយក្មេក និងកូនប្រសារសម័យថ្មីទាំងអស់ ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នា ទើបរស់នៅ​ជាមួយគ្នា ប្រកបដោយសេចក្តីសុខ។

រីឯខ្សែរឿងមួយនេះធានាថាទូរទស្សនិកជន ប្រាកដជាទទួលបាននូវសំណើចសើចក្អកក្អាយ ​ដោយសារសំបូរទៅដោយ​ឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែង ដ៏ប៉ិនប្រសព្វរបស់សិ​ល្បករល្បីៗ ដែលមានបទពិសោធន៍ ក្នុងការសម្តែងជាយូរឆ្នាំមកហើយ។ ក្នុងនោះរួមមាន កញ្ញា តូតា ,លោក អេវីន ជាតួឯក ហើយអ្នកនាង គ្រត ជាតួអង្គ ម្តាយក្មេក បូករួមនឹងសិល្បករ​ល្បី​ៗ​ជាច្រើន​រូបទៀត។

ទន្ទឹមគ្នានេះ រឿងដែលឆ្លុះបញ្ចាំងពីតថភាពពិត ក្នុងសង្គមខ្មែរព្រមទាំងរឿងរ៉ាវអាថ៌កំបាំងច្រើន ដែលធ្វើឲ្យទូរទស្សនិកជន ត្រូវតាមដានដោយយកចិត្តទុកដាក់​នោះ គឺជាស្នាដៃផលិត​របស់ផ​លិតកម្មល្បីក្នុងស្រុក និងមានការទទួលស្គាល់​ពីសំណាក់ទូរទស្សនិកជនខ្មែរ ជា​យូរមកហើយនោះ គឺផលិតកម្មខ្មែរមេគង្គ (KMF)។ តួសម្តែងនៅក្នុងរឿងភាគថ្មីសន្លាងនេះ រួមមានលោក ហេ​ង នរៈកក្កដា ,លោក សន កាយ៉ាឌី ,កញ្ញា ឃីង សុរិយា ,កញ្ញា ឡាយ សម្ផស្ស, លោក សាវិន ហ្វីលីព រួមទាំងតារាល្បីៗ របស់ផលិត​កម្មខ្មែរមេគង្គ ជាច្រើនរូបទៀត។

រឿង«សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួ​ឯកស្រី ប្រឆាំងនឹងបេះដូងរបស់ខ្លួន ទៅរៀបការជា​មួយនឹងមនុស្ស ដែលខ្លួនមិនស្រឡាញ់ជាថ្នូរនឹងប្រាក់ជូនម្តាយ ដែលញៀននឹងល្បែង និងការបានបន្ត​នៅជិតមនុស្ស ដែលនាង​​ស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំង ខណៈដែលការពិតអ្វីៗសុទ្ធតែជាការរៀបចំ ទុកជាមុនដោយមិនឲ្យនាងដឹង ពីសំណាក់បុរសជាទីស្រឡាញ់ របស់នាង។

បើតាមការ​ឲ្យដឹងពីកញ្ញា ទូច​ បុប្ផា ប្រធាន​គ្រប់គ្រង​ផ្នែក កម្មវិធីផ្សាយ​របស់ស្ថានីយទូរទស្សន៍ ភីអិនអិន​ បានថ្លែងថា ក្រៅពីការវិនិយោគនូវចំនួនទឹកប្រាក់ សន្ធឹកសន្ធាប់ ដើម្បីពង្រឹងនូវគុណភា​ព ផលិតភាពយន្តភាគខ្មែរឲ្យបានល្អហើយ PNN ក៏បានចំណាយថវិកា ក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរ ឲ្យទូលំទូលាយ ដើម្បី​សាធារណជនបានដឹង និងឲ្យពួកគាត់បង្វែរចំណាប់អារម្មណ៍ ចូលរួមទស្សនា និងគាំទ្រភាពយន្តខ្មែរ។ ម្យ៉ាងទៀតថ្វីត្បិតតែបច្ចុប្បន្នយើង នៅមានកត្តាខ្វះខា​តមួយចំនួន សម្រាប់ការផលិត តែបើយើងនាំគ្នាចូលរួមគាំទ្រ និងផ្តល់នូវមតិយោបល់ស្ថាបនា នោះភាពយន្តខ្មែរ​នឹងមានការរីកចម្រើនលឿន ជាជាងផ្តល់នូវ​ទស្សនៈអវិជ្ជមាន។

​សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍​ PNN បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគ ក្នុងស្រុ​កឲ្យបានច្រើ​នជាងមួយរយម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយគិតជាមធ្យម PNN ត្រូវចំណាយប្រមាណ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោង នៃខ្សែ​ភាពយន្តភាគ៕