(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីក្រសួង អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចុះជួយច្រូតស្រូវប្រជាកសិករនៅភូមិសាស្ត្រ ខេត្តតាកែវ ដែលដល់ពេលប្រមូលផល ហើយក៏ត្រូវប្រឈមនឹងទឹកជំនន់លិច។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ផ្ទៃដីដែលរងការលិចទឹកនេះមានចំនួន២ពាន់ហិកតា ហើយនឹងប្រើប្រាស់ពេល១០ថ្ងៃ ដើម្បីប្រមូលផលស្រូវឱ្យទាន់ពេលវេលា។

លោកបានបន្តថា ដោយស្ថានភាពជំនន់ទឹកភ្លៀងឡើងខ្ពស់ពេក ដែលមិនអាចឱ្យម៉ាស៉ីនច្រូតចូលច្រូតស្រូវក្នុងស្រែបាន ដែលចាំបាច់ត្រូវជួយគ្នាច្រូតដោយដៃ និងប្រើម៉ាស៉ីនបោកស្រូវជួយផងដែរ ដើម្បីបានគ្រាប់ស្រូវយកទៅហាល។

បើតាមលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម កំពុងពិនិត្យមើលជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្ហូរទឹកឱ្យឆាប់អស់ នឹងអាលបានឱ្យម៉ាស៉ីនច្រូតចូលច្រូតស្រូវវិញ៕